ភាគហ៊ុនបច្ចេកវិទ្យា AI ហក់ឡើងជិត៣០០ពាន់លានដុល្លារ បន្ថែមទៀតដោយសារលទ្ធផលរបស់ក្រុមហ៊ុន Nvidia

ដោយ៖ សុខុម

ញូវយ៉ក: ភាគហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) បានហក់ឡើងស្រឺតៗនៅក្នុងការជួញដូរកាលពីថ្ងៃពុធ ទី២៤ ខែឧសភា ដែលធ្វើឱ្យមូលធនភាវូបនីយកម្មទីផ្សារ (Market Capitalization) ឬ ថ្លៃទីផ្សារនៃចំនួនសរុបភាគហ៊ុនដែលកំពុងចរាចរលើទីផ្សារ កើនឡើងជិត៣០០ពាន់លានដុល្លារ បន្ថែមទៀត។

ការហក់ឡើងនូវតម្លៃភាគហ៊ុនបច្ចេកវិទ្យា AI នេះកើតមានឡើង បន្ទាប់ពីក្រុមហ៊ុនផលិតបន្ទះឈីប Nvidia Corp បានព្យាករកំណើនប្រាក់ចំណូលដ៏រឹងមាំ ហើយនិយាយថា ខ្លួនកំពុងជំរុញការផលិតបន្ទះឈីប AI របស់ខ្លួនដើម្បីបំពេញតម្រូវការកើនឡើងក្នុងទីផ្សារ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia បានហក់ឡើងរហូតដល់ទៅ២៨% បន្ទាប់ពីការជួញដូរក្នុង១ភាគហ៊ុនតម្លៃ៣៩១,៥០ដុល្លារ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានរបស់ខ្លួន។ ការហក់ឡើងនេះបានបង្កើនតម្លៃទីផ្សារភាគហ៊ុនរបស់ខ្លួនប្រមាណ២០០ពាន់លានដុល្លារ ឈានរហូតដល់ជាង៩៦០ពាន់លានដុល្លារ ដោយក្លាយជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏មានតម្លៃបំផុតរបស់ពិភពលោក និងជាក្រុមហ៊ុនដែលមានតម្លៃបំផុតទី៥ ប្រចាំនៅសង្កាត់ហិរញ្ញវត្ថុ Wall Street។

ក្រុមហ៊ុន Nvidia បានព្យាករប្រាក់ចំណូលប្រចាំត្រីមាសច្រើនជាង៥០%លើសពីការប៉ាន់ប្រមាណរបស់ Wall Street ដោយនាយកប្រតិបត្តិលោក Jensen Huang បានចេញសេចក្តីថ្លែងការណ៍ថា ក្រុមហ៊ុននេះ “កំពុងបង្កើនការផ្គត់ផ្គង់របស់យើងយ៉ាងខ្លាំងដើម្បីបំពេញកំណើនតម្រូវការ” បន្ទះឈីបមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន។

ភាគហ៊ុនរបស់ក្រុមហ៊ុនសាជីវកម្មផ្សេងៗទៀតទាក់ទងនឹងបច្ចេកវិទ្យា AI បានហក់ឡើងក្រោយក្រុមហ៊ុន Nvidia បញ្ចេញរបាយការណ៍វិជ្ជមាន ដោយបានបន្ថែមតម្លៃទីផ្សារភាគហ៊ុនជិត១០០ពាន់លានដុល្លារ បន្ថែមទៀត បន្ទាប់ពីបិទការជួញដូរ។

ចំណាប់អារម្មណ៍លើបច្ចេកវិទ្យា AI បានកើនឡើងខ្លាំងនៅឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ុនថ្មីថ្មោង OpenAI បានដាក់ឱ្យដំណើរការ ChatGPT ដោយទាក់ទាញអ្នកប្រើប្រាស់បានជាង១លាននាក់ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍។ ដោយប្រើប្រាស់ទិន្នន័យចាស់ៗ បច្ចេកវិទ្យា AI អាចបង្កើតមាតិកាថ្មីៗដូចជាអត្ថបទ រូបភាព និងកូដកម្មវិធីសូហ្វវែដែលមានលក្ខណៈពេញលេញ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here