ដោយៈ សុខុម
ភ្នំពេញ: ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារទទួលបានប្រាក់ចំណូលអាករលើតម្លៃ បន្ថែម (VAT) លើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) បានចំនួន២០,៩លានដុល្លារអាមេរិក ពីប្រតិបត្តិការជួញដូរទំនិញ និងសេវាកម្មអេឡិចត្រូនិក។
កម្ពុជា បានចាប់ផ្តើមប្រមូលអាករលើតម្លៃបន្ថែម (VAT) ១០%លើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ពីក្រុមហ៊ុនដូចជា Google, Meta, Amazon, Microsoft, YouTube, TikTok និង Netflix ក្នុងចំណោមក្រុមហ៊ុនផ្សេងទៀត ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។
យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានពន្ធដារចេញផ្សាយកាលពីថ្ងៃច័ន្ទ ទី២៤ ខែមេសា បង្ហាញថា អគ្គនាយកដ្ឋានពន្ធដារ ទទួលបានពន្ធជិត៤៤លានដុល្លារអាមេរិក ពីប្រតិបត្តិការពាណិជ្ជកម្មតាមអេឡិចត្រូនិក ចាប់ពីខែមេសា ដល់ខែធ្នូ ឆ្នាំមុន។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារមានប្រសាសន៍ថា អាករលើតម្លៃបន្ថែម (VAT) លើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក គឺជាប្រភពចំណូលដ៏មានសក្តានុពលសម្រាប់ព្រះរាជាណាចក្រកម្ពុជា។
លោកមានប្រសាសន៍កាលពីពេលថ្មីៗនេះថា “យើងមើលឃើញថា អាករលើតម្លៃបន្ថែម (VAT) នេះមានសក្តានុពល ក្នុងការបង្កើនចំណូលថវិកាជាតិ បន្ថែមទៀតក្នុងរយៈពេលវែង”។
របាយការណ៍ដដែលបង្ហាញថា អគ្គនាយកដ្ឋានពន្ធដាររកចំណូលពន្ធបាន១,៣៤ពាន់លានដុល្លារអាមេរិក អំឡុងខែមករា ដល់ខែមីនា ឆ្នាំនេះ ដោយកើនឡើង៦,៣%ពី១,២៦ពាន់លានដុល្លារ ដែលប្រមូលបាន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ Xinhua៕