ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុនចុះបញ្ជីមួយចំនួន នៅលើក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) នៅតែបង្ហាញពីប្រតិបត្តិការវិជ្ជមាន នាប៉ុន្មានខែកន្លងមកនេះ ទោះបីជាផ្សារហ៊ុនក្នុងតំបន់ និងពិភពលោកកំពុងរងផលប៉ះពាល់ ដោយការរីករាលដាលជំងឺកូវីដ១៩ កំពុងប៉ះពាល់ក៏ដោយ។
ក្រុមហ៊ុន Pestech (Cambodia) Plc បានរាយការណ៍ប្រាក់ចំណេញសុទ្ធកើនឡើង៣០០ភាគរយ មានចំនួន៩,២៤៣លានដុល្លារ បើធៀបនឹងតួលេខកាលពីឆ្នាំមុនចំនួន២,៣៤៣លានដុល្លារ។ ចំនែកប្រាក់ចំណេញសុទ្ធ របស់ក្រុមហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកើនឡើងខ្លាំង ៧១ភាគរយ និងធនាគារ Aclyda ប្រាក់ចំណេញសុទ្ធកើនឡើង ២,៧ភាគរយ។
កំពង់ផែស្វយ័តភ្នំពេញក៏បានរាយការណ៍ថា រកប្រាក់ចំណូលបានប្រហែល ២២, ២៦៤លានដុល្លារក្នុងរយៈពេល ៩ខែដំបូង បើធៀបនឹង ២១,៧០៧លានដុល្លារក្នុងរយៈពេលដូចគ្នា កើនឡើង២,៥៦ភាគរយ។
អាជីវកម្មក្នុងវិស័យកំពង់ផែ ហាក់ដូចជាធ្វើបានយ៉ាងល្អ ទោះបីជាការចរាចរកាន់ តែទាបក្នុងអំឡុងពេលជំងឺកូវីដ១៩នេះក៏ដោយ ខណៈដែលឧស្សាហកម្មកាត់ដេរត្រូវរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែកង្វះតម្រូវការ ការបញ្ជាទិញធ្លាក់ចុះ និងការពន្យារពេលនាំចេញផលិតផលទៅឱ្យអតិថិជន ដែលបណ្ដាលមកពីការបិទប្រទេស នៅក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩ ។
សម្រាប់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ប្រាក់ចំណេញបានធ្លាក់ចុះយ៉ាងខ្លាំង ហើ យក្រុមហ៊ុននេះ ចង់បម្រុងទុកសាច់ប្រាក់មួយចំនួន ដើម្បីប្រើប្រាស់នៅក្នុងប្រតិបត្តិការជាជាងការចែកសាច់ប្រាក់ក្នុងទម្រង់នៃភាគលាភដល់ភាគទុនិក។
ប្រតិបត្តិការរបស់ក្រុមហ៊ុនចុះបញ្ជីខុសគ្នា ពីឧស្សាហកម្មមួយទៅឧស្សាហកម្មមួយ។ ទោះយ៉ាងណា ប្រតិបត្តិការជារួមកំពុងទទួលបានភាពវិជ្ជមាន ទោះបីជាស្ថិតក្នុងសភាពការណ៍នៃការរីករាលដាលជំងឺកូវីដ១៩ក៏ដោយ៕