ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ សប្ដាហ៍ចុងខែមករា ទូទាំងប្រទេសទទួលបានភ្ញៀវ ៦០ម៉ឺននាក់ ដែលបានទៅទស្សនានៅខេត្តសំខាន់ៗចំនួន៨ ដែលជាមូលដ្ឋានទាក់ទាញទេសចរណ៍។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបានបង្ហាញនាព្រឹកថ្ងៃទី៣១ មករានេះបានឲ្យដឹងថា ចាប់ពីថ្ងៃទី២៣-២៩ ខែមករា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរ សរុប៦០៦,១៧៥នាក់ និងភ្ញៀវបរទេស៤៩,៥៩២នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ១៨៤,៩២៩នាក់
* ខេត្តកំពត ៦៥,៧៨៧នាក់
* ខេត្តបាត់ដំបង ៦១,៧៣៧នាក់
* ខេត្តសៀមរាប ៤៧,៦៧៦នាក់
* ខេត្តកំពង់ចាម ៤២,០៤០នាក់
* រាជធានីភ្នំពេញ ៣៩,០៧២នាក់
* ខេត្តប៉ៃលិន ៣៣,០៦៥នាក់
* ខេត្តកែប ៣២,៧៤៦នាក់។
ចំនួនភ្ញៀវទេសចរប្រមាណ៦០ម៉ឺននាក់ ក្នុងសប្តាហ៍កន្លងមកនេះ គឺបានមកពីចរន្តភ្ញៀវទេសចរ ដែលបានដើរកម្សាន្តនារយៈពេល២ថ្ងៃ ចុងក្រោយនៃពិធីបុណ្យចូលឆ្នាំចិន (ថ្ងៃចន្ទ និងអង្គារ) ខណៈដែលសម្រាប់រយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិននេះ យើងទទួលភ្ញៀវសរុប្រមាណ១លាននាក់។
ជាមួយការបន្តកើនឡើង នៃចរន្តភ្ញៀវទេសចរក្នុងស្រុកនាដើមឆ្នាំ២០២៣នេះ ចរន្តភ្ញៀវទេសចរអន្តរជាតិ ក៏បាននិងកំពុងបង្ហាញសញ្ញាវិជ្ជមាន ជាមួយការមកដល់ជាបន្តបន្ទាប់នៃភ្ញៀវទេសចរអន្តរជាតិ។
ជាក់ស្តែង បន្ទាប់ពីរដ្ឋាភិបាលចិនអនុញ្ញាត ឱ្យប្រជាជនចេញក្រៅប្រទេសឡើងវិញ អាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ បានទទួលជើងហោះហើរលើកដំបូង មកពីប្រទេសចិន នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ជាមួយវត្តមានភ្ញៀវទេសចរចំនួន១០៤នាក់ និងក្រុមអ្នកបម្រើការលើយន្តហោះ៦នាក់ទៀត សរុប១២០នាក់៕