ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ របាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា
ពិធីបុណ្យចូលឆ្នាំចិន៤ថ្ងៃ ភ្ញៀវចេញដើរកម្សាន្តទូទាំងប្រទេស១លាននាក់ ដោយខេត្តចំនួន៧ បានក្លាយជាគោលដៅដ៏ពេញនិយម។
របាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំចិន រយៈពេល៤ថ្ងៃចាប់តាំងពីថ្ងៃទី២១ -២៤ ខែមករា ២០២៣ ភ្ញៀវទេសចរបានចេញដើរកម្សាន្តទូទាំងប្រទេស សរុបមានរហូតដល់ចំនួន១,០៤៩,២២២នាក់ ក្នុងនោះភ្ញៀវជាតិ១,០០៧,១៦៦នាក់ និងភ្ញៀវបរទេស៤២,០៥៦នាក់។
គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៤ថ្ងៃនេះ រួមមាន៖
* ខេត្តព្រះសីហនុ ២៩៦,០២៨នាក់
* ខេត្តសៀមរាប ១០៥,៤៨១នាក់
* ខេត្តបាត់ដំបង ១០២,៧៧៨នាក់
* ខេត្តកំពត ៨២,១៩៩នាក់
* ខេត្តប៉ៃលិន៨១,៥០០នាក់
* ខេត្តកំពង់ចាម ៦៧,៩១៤នាក់
* ខេត្តកែប ៦៧,០៣០នាក់។
ក្រសួងទេសចរណ៍បានឲ្យដឹងថា ដោយសារចូលឆ្នាំចិនឆ្នាំនេះប៉ះចំចុងសប្តាហ៍ ដូច្នេះយើងសង្កេតឃើញថាចរន្តភ្ញៀវទេសចរ និងការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋ ទៅកាន់គោលដៅទេសចរណ៍នានា មានសភាពផុសផុលច្រើន ខណៈដែលប្រជាពលរដ្ឋមួយចំនួន បានចាប់ផ្តើមធ្វើដំណើរទៅស្រុកកំណើតតាំងពីល្ងាចថ្ងៃសុក្រ ដើម្បីរៀបចំសែនតាមប្រពៃណីចិន។
ប្រជាជនមួយចំនួនបានត្រឡប់ចូលរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ ហើយខ្លះទៀត បានត្រលប់ចូលវិញនាល្ងាចម្សិលម៉ិញ ខណៈដែលអាជីវករនៅតាមផ្សារ និងលក់ដូរនៅតាមផ្ទះបានបិទតូប និងហាងជាបណ្តោះអាសន្នក្នុងរយៈពេលចូលឆ្នាំនេះ ដើម្បីជួបជុំគ្រួសារ និងដើរកម្សាន្ត ស្របពេលអង្គភាព និងស្ថាប័នមួយចំនួនបានអនុញ្ញាត ឱ្យបុគ្គលិកឈប់សម្រាក ដោយដាក់ជាកម្មវិធីប្រជុំបូកសរុបប្រចាំឆ្នាំជាដើម។
គោលដៅទេសចរណ៍ទូទាំងប្រទេស សុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរកកកុញ ខណៈប្រជាពលរដ្ឋភាគច្រើន ដើរកម្សាន្តជាលក្ខណៈក្រុមគ្រួសារ ហើយខ្លះទៀតដើរកម្សាន្តច្រើនគោលដៅ។
ដោយឡែក សម្រាប់ខេត្តព្រះសីហនុ ភ្ញៀវទេសចរភាគច្រើន ទៅព្រឹកមកវិញល្ងាច ជាមួយការធ្វើដំណើរតាមផ្លូវល្បឿនលឿន។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋមួយចំនួន បានយកតាមខ្លួននូវម្ហូបអាហារ ដែលបានសែនរួច ទៅបរិភោគ ដើម្បីកាត់បន្ថយចំណាយមួយចំនួនផងដែរ។
ចំពោះការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរមិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់។ គណៈបញ្ជាការឯកភាពគ្រប់រាជធានី-ខេត្ត មន្ទីរទេសចរណ៍ បានចាត់កម្លាំងប្រចាំការ នៅតាមគោលដៅសំខាន់ៗ និងគោលដោទេសចរណ៍នានា៕