ដោយៈ សហការី
ភ្នំពេញ៖ របាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថា ក្នុងឆ្នាំ២០២២កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិមានចំនួន៦៧ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន១.០៧៧លានដុល្លារ ថយចុះ៣៤,៦៥ភាគរយ។
ការថយចុះនេះបានត្រូវ អ្នកជំនាញអះអាងថា ដោយសារបញ្ហាប្រែប្រួលអាកាសធាតុ។
របាយការណ៍ដដែលបញ្ជាក់ថា គ្រាប់ស្វាយចន្ទីរបស់កម្ពុជាស្ទើរ១០០ភាគរយបាននាំចេញទៅកាន់ប្រទេសវៀតណាមមានចំនួន៦៦ម៉ឺនតោនថយចុះ៣៧ភាគរយ។ គ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃចន្លោះពី៥៥០០រៀល ទៅ៧២០០រៀល អាស្រ័យតាមគុណភាពគ្រាប់។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានថ្លែងថា រយៈពេល២ឆ្នាំចុងក្រោយនេះដោយសារតែបញ្ហានៃការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យប្រជាកសិករប្រកបរបដាំចន្ទីនេះមានការខាតបង់ ប្រមូលផលបានតិច ចំណែកផលដែលទទួលបានវិញ មានគុណភាពទាប និងលក់ចេញបានតម្លៃថោក បូកផ្សំជាមួយការឡើងថ្លៃនៃជីថ្នាំកសិកម្ម និងប្រេងឥន្ធនៈ។
លោកបន្ដថា បញ្ហាទាំងនេះហើយដែលធ្វើឱ្យប្រជាកសិករ សម្រេចកាប់ដើមចន្ទីចោលប្រមាណ១០ម៉ឺនហិចតា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដែលធ្លាក់ចុះពី៨០ម៉ឺនហិចតា មកនៅត្រឹមតែ៧០ម៉ឺនហិចតាប៉ុណ្ណោះ នៅចុងឆ្នាំ២០២២៕