ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមហ៊ុនលក់ផលិតផលម្រេចកម្ពុជាមួយគ្រោងនាំផលិតផលរបស់ពួកគេ ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈគេហទំព័រលក់ទំនិញដ៏ល្បីល្បាញរបស់ចិន គឺ Alibaba។
ពិធីសារស្តីពីភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេចពីកម្ពុជា ទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ ជាមួយរដ្ឋបាលទូទៅនៃគយ នៃសាធារណរដ្ឋប្រជាមានិតចិន។
លោកស្រី សឹង សុផា នាយកក្រុមហ៊ុន Sela Pepper បានមានប្រសាសន៍ថា យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅខែមករា ឆ្នាំ២០២៣ ប្រទេសកម្ពុជានិងចិននឹងបញ្ចប់ដំណើរការ ហើយបន្ទាប់ពីការចរចា កម្ពុជានឹងនាំចេញម្រេចជាផ្លូវការ ទៅកាន់ប្រទេសចិន។
លោកស្រី សឹង សុផា បន្តថា តាមរយៈការលក់ម្រេចនៅលើគេហទំព័រ Alibaba របស់ក្រុមហ៊ុន Sela Pepper នេះគឺជាឱកាសមួយ ដើម្បីចាប់យកទីផ្សារធំមួយទៀត សម្រាប់ម្រេចកម្ពុជា ដែលធ្វើឱ្យម្រេចកម្ពុជាកាន់តែមានទីផ្សារ។
លោកស្រីរំពឹងថា បន្ទាប់ពីមានការសម្រេចចិត្តជាផ្លូវការ លើការដាក់លក់ផលិតផលម្រេចនៅលើគេហទំព័រ Alibaba នឹងទទួលបានការគាំទ្រច្រើន ព្រោះផលិតផលកម្ពុជា ជាផលិតផលពាក់កណ្តាលកែច្នៃ និងកែច្នៃ ដែលវេចខ្ចប់តាមស្តង់ដារអន្តរជាតិ៕