ដោយៈ សុខុម
ហាណូយៈ ការវិនិយោគផ្ទាល់ពីបរទេស (FDI) បានបន្តហូរចូលទីផ្សារអចលនទ្រព្យ ឧស្សាហកម្មរបស់វៀតណាម ដែលស្មើនឹង១៩%នៃ FDI សរុប ឬស្មើនឹង៣,៥ពាន់លានដុល្លារអាមេរិក អំឡុងពេល៩ខែដើមឆ្នាំនេះ ដោយកើនឡើងទ្វេដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទីភ្នាក់ងារអចលនទ្រព្យវៀតណាម Savills Việt Nam និយាយថា អចលនទ្រព្យឧស្សាហកម្ម សម្រេចបានកំណើនខ្ពស់ជាងគេ។ នេះបើយោងតាមសារព័ត៌មាន Vietnam News ឱ្យដឹងថា សូចនាករសេដ្ឋកិច្ចដ៏រឹងមាំក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យការវិនិយោគរបស់បរទេស កើនឡើង ជាពិសេស នៅក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចភាគខាងជើង និងភាគខាងត្បូង។
ក្រុមហ៊ុនSavills Việt Nam ដែលជាភ្នាក់ងារមួយ ក្នុងចំណោមទីភ្នាក់ងារអចលនទ្រព្យឈានមុខគេ នៅវៀតណាមបានលើកឡើងថា ការឆាប់បើកប្រទេសឡើងវិញ ការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាច្រើន អត្រាប្តូរប្រាក់មានស្ថិរភាព បើធៀបនឹងបណ្ដាប្រទេសជិតខាង សេដ្ឋកិច្ចនាំចេញដ៏រឹងមាំ ការកាត់បន្ថយពន្ធ និងគោលនយោបាយគាំទ្រដល់កម្មករ គឺជាកត្តាជំរុញឱ្យបណ្ដាវិនិយោគិនបរទេស បោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសក្នុងទីផ្សារអចលនទ្រព្យឧស្សាហកម្ម។
លោក Matthew Powell នាយកក្រុមហ៊ុន Savills Hà Nội ដែលជាទីស្នាក់ការកណ្ដាល របស់ទីភ្នាក់ងារអចលនទ្រព្យខាងលើនេះ បានមានប្រសាសន៍ថា វៀតណាម ជាពិសេសទីផ្សារអចលនទ្រព្យឧស្សាហកម្មរបស់ប្រទេសនេះ ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស បានបន្ថែមទៀតនៅតាមមជ្ឈមណ្ឌលឧស្សាហកម្មភាគច្រើន ហើយគម្រោងជាច្រើនទៀតកំពុងដំណើរការ។
តាមរយៈរបាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារខាងលើនេះកាលពីខែកញ្ញា បង្ហាញថា ការផ្គត់ផ្គង់អចលនទ្រព្យឧស្សាហកម្ម នៅតែមានស្ថិរភាព ជាមួយនឹងតម្រូវការកើនឡើង ជាពិសេសនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ។
ហេដ្ឋារចនាសម្ព័ន្ធប្រសើរឡើង និងការលៃទុកដីធំជាងមុន បានធ្វើឱ្យវិនិយោគិនដណ្ដើមគ្នាចង់បាន ដែលធ្វើឱ្យតម្លៃហក់ឡើងខ្ពស់៕ Vietnam News៕