ដោយៈ សុខុម
សេអ៊ូល: ក្រុមហ៊ុន Honda Motor Co និងក្រុមហ៊ុនផលិតអាគុយកូរ៉េខាងត្បូង LG Energy Solution Ltd នឹងបោះទុនចំនួន៤,៤ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតអាគុយថ្មីមួយ នៅសហរដ្ឋអាមេរិក ខណៈក្រុមហ៊ុន Honda កំពុងស្វះស្វែងបញ្ឈប់ការផលិតរថយន្ត ប្រើឥន្ធនៈហ្វូស៊ីលទាំងស្រុងនៅឆ្នាំ២០៤០។
ក្រុមហ៊ុនផលិតរថយន្តជប៉ុនHonda បានទម្លាយឱ្យដឹង កាលពីថ្ងៃច័ន្ទ ទី២៩ ខែសីហា ថា រោងចក្រនេះ នឹងមានសមត្ថភាពផលិតអាគុយកម្លាំងប្រមាណ៤០ ជីហ្គាវ៉ាត់ក្នុងមួយឆ្នាំ នៅពេលការផលិតទ្រង់ទ្រាយធំនឹងចាប់ផ្ដើមនៅចុងឆ្នាំ២០២៥។
ក្រុមហ៊ុនទាំង២នេះ នឹងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយនៅឆ្នាំនេះដោយក្នុងនោះក្រុមហ៊ុន Honda នឹងកាន់កាប់ភាគហ៊ុន៤៩% តាម រយៈការវិនិយោគចំនួន១,៧% ពាន់លានដុល្លារអាមេរិក ហើយការសាងសង់គ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៣។
ទោះជាយ៉ាងណា ទីតាំងរបស់រោងចក្រនេះ មិនទាន់មានការសម្រេចជាផ្លូវការនៅឡើយទេ។
សារព័ត៌មានដ៏ល្បីល្បាញ Bloomberg បានចុះផ្សាយកាលពីខែមិថុនា ថា ទីតាំងរោងចក្រនេះ អាចនៅស្ថិតនៅក្នុងរដ្ឋ Ohio ពីព្រោះក្រុមហ៊ុន Honda មានរោងចក្រផលិតរថយន្តនៅទីនោះរួចទៅហើយ។
ក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោក កំពុងសម្រុកងាកទៅផលិតរថយន្តអគ្គិសនី (EV) នៅទ្វីបអាមេរិកខាងជើង តាមរយៈការចាប់ដៃគូសហការជាមួយបណ្ដាក្រុមហ៊ុនផលិតអាគុយនៅអាស៊ី៕ The Edge Markets៕








