ដោយ: លាងហួរ
ឥណ្ឌា: មន្ត្រីឥណ្ឌាបាននិយាយថា រដ្ឋាភិបាលសហព័ន្ធរបស់ប្រទេសឥណ្ឌា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីចំនួន៩៦,៣លានដុល្លារអាមេរិក ដើម្បីកែលម្អការផ្គត់ផ្គង់ទឹក និងសេវាអនាម័យនៅក្នុងរដ្ឋ Himachal Pradesh ។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខានៅទីក្រុងញូវដេលី ដោយលោក Rajat Kumar Mishra មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានកិច្ចការសេដ្ឋកិច្ចតំណាងឱ្យរដ្ឋាភិបាល នៃប្រទេសឥណ្ឌា និងលោក Takeo Konishi នាយករបស់ធនាគារADBប្រចាំនៅប្រទេសឥណ្ឌា។
ធនាគារADB និងរដ្ឋាភិបាលនៃប្រទេសឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ប្រាក់កម្ចីចំនួន៩៦,៣លានដុល្លារអាមេរិក ដើម្បីផ្តល់ទឹកស្អាតប្រកបដោយសុវត្ថិភាព និងកែលម្អការផ្គត់ផ្គង់ទឹក និងសេវាអនាម័យនៅក្នុងរដ្ឋ Himachal Pradesh ។

លោក Mishra បាននិយាយថា គម្រោងនេះត្រូវបានស្របតាមគោលបំណងរបស់រដ្ឋាភិបាលក្នុងបេសកកម្ម Jal Jeevan (Water Life) របស់ប្រទេសឥណ្ឌា ដែលមានគោលបំណងផ្តល់ទឹកតាមបំពង់ទឹកស្អាត ដល់គ្រួសារជនបទទាំងអស់ នៅឆ្នាំ២០២៤ និងធានាបាននូវសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយសុវត្ថិភាព និរន្តរភាព និងរួមបញ្ចូល។
យោងតាមក្រសួងហិរញ្ញវត្ថុសហព័ន្ធបានឱ្យដឹងថា ប្រជាជននៅជនបទជាង៩០ភាគរយ នៃរដ្ឋមានទឹកស្អាតប្រើប្រាស់ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកត្រូវការការកែលម្អឡើងវិញ។
ក្រសួងបាននិយាយថា គម្រោងADB នឹងផ្តល់សេវាកម្មនេះដល់៧៥៨០០គ្រួសារ ដោយផ្តល់ការផ្គត់ផ្គង់ទឹក ដោយគ្មានការរំខានដល់ប្រជាពលរដ្ឋប្រហែល៣៧ម៉ឺននាក់នៅទូទាំង១០ស្រុក៕








