ដោយៈ លាងហួរ
ហុងកុងៈ អ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយក្រុមនៅក្នុងទីក្រុង Hefei ភាគខាងកើតប្រទេសចិន បានជំរុញឱ្យរដ្ឋាភិបាលក្នុងតំបន់បង្រ្កាបនូវអ្វី ដែលពួកគេបានពិពណ៌នាថាជា ការតវ៉ាដ៏អាក្រក់ ពីសំណាក់អ្នកទិញផ្ទះ។ នេះបើយោងតាមលិខិតរួម ដែលត្រូវបានពិនិត្យដោយសារពត៌មាន Reuters។
លិខិតស្នើសុំនេះជាកិច្ចខិតខំប្រឹងប្រែងដោយអ្នកអភិវឌ្ឍន៍រួមគ្នាជាលើកដំបូង ដើម្បីជំរុញប្រឆាំងនឹងការបះបោរ ដែលកំពុងរីករាលដាល ដោយអ្នកទិញផ្ទះបានគម្រាមបញ្ឈប់ការបង់រំលោះ លើគម្រោងលំនៅដ្ឋានរាប់រយ ដែលមិនទាន់បញ្ចប់រួចរាល់។
វិបត្តិបំណុលដែលកំពុងកើនឡើង នៅក្នុងវិស័យអចលនទ្រព្យប្រទេសចិន បាននាំឱ្យអ្នកអភិវឌ្ឍជាច្រើនខកខានសងបំណុល បន្ទាប់ពីរដ្ឋាភិបាលបានកាត់បន្ថយវិស័យនេះ ដែលនាំឱ្យគម្រោងជាប់គាំង និងបង្កើនហានិភ័យដល់អស្ថិរភាពសង្គម។
អ្នកអភិវឌ្ឍន៍បាននិយាយថា ការតវ៉ារបស់អ្នកទិញផ្ទះ រួមមាន ការស្នើសុំការផ្លាស់ប្តូរទិដ្ឋភាព ឬការរចនានៃការអភិវឌ្ឍន៍ទាំងមូលទៅតាមការពេញចិត្តរបស់ពួកគេ ដោយបដិសេធមិនបង់ថ្លៃសេវា និងការស្នើសុំសំណងយ៉ាងច្រើន នៅពេលដែលមានបញ្ហាតូចៗទាក់ទងនឹងគុណភាពផ្ទះ។
អ្នកអភិវឌ្ឍន៍អចលនទ្រព្យ មិនត្រឹមតែត្រូវប្រឈមមុខនឹងសម្ពាធផ្ទៃក្នុងរបស់ពួកគេប៉ុណ្ណោះទេ តែក៏ត្រូវប្រឈមនឹងការតវ៉ា “មិនសមហេតុផល” ពីអ្នកទិញផ្ទះមួយចំនួនផងដែរ៕