កម្ពុជាស្រូបបានចំណូលជាង២៥៧លានដុល្លារពីការនាំចេញជ័រកៅស៊ូនិងឈើកៅស៊ូក្នុងរយៈពេល៧ខែ

ដោយ៖ សូរិយា

ភ្នំពេញ៖ រយៈពេល៧ខែ ឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ខែកក្កដា កម្ពុជាទទួលបានចំណូលជាង២៥៧លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។

យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែកក្កដា ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួនជាង២៥៧លានដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួនជាង២៥៤លានដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួនជាង២ដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំពោះបរិមាណ នៃការនាំចេញគិតត្រឹមខែកក្កដា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន១៦១.៥៦២តោន ថយចុះចំនួន៥៥៨តោន ស្មើនឹង០,៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែក ការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន១៧.៥២៩ម៉ែត្រគូប។

សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែកក្កដា ឆ្នាំ២០២២ ថ្លៃ១.៥៧៧ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន៩៥ដុល្លារ ក្នុងមួយតោន ស្មើនឹង៦% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

គិតត្រឹមខែកក្កដា ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន៤០៤.០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន៣១០.១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន៩៣.៨៥១ហិកតា ស្មើនឹង២៣%។

នៅឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន៣៦៦.៣០០តោន និងនាំចេញឈើកៅស៊ូ ចំនួន៤៥៤ម៉ែត្រគូប៕

LEAVE A REPLY

Please enter your comment!
Please enter your name here