ដោយៈ គង់ សូរិយា
ភ្នំពេញៈ ទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ របស់អាមេរិក(USAID) នឹងវិនិយោគទឹកប្រាក់១៥៣លានដុល្លារនៅកម្ពុជា តាមរយៈគម្រោងកម្ពុជាហាវែស III(Harvest III)ក្នុងរយៈពេល៥ឆ្នាំ ដើម្បីលើកកំពស់ផលិតភាពកសិកម្ម។

កម្មវិធី Feed the Future Cambodia Harvest III (Harvest III) ក្នុងរយៈពេល ៥ ឆ្នាំនេះ គឺចាប់ផ្តើមពីខែមេសា ឆ្នាំ ២០២២ ដល់ខែមីនា ឆ្នាំ ២០២៧ នឹងធ្វើការក្នុងភាពជាដៃគូ ជាមួយផ្នែកឯកជនរាប់រយក្រុមហ៊ុន តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយដៃគូផ្នែកឯកជន។
ទីភ្នាក់ងារ USAID រំពឹងថានឹងជួយផ្នែកឯកជន ឱ្យបង្កើនទុនវិនិយោគប្រមាណ៣៨លានដុល្លារ។ ទឹកប្រាក់សម្រាប់ហិរញ្ញប្បទាន ទាក់ទងនឹងវិស័យកសិកម្ម១៥ លានដុល្លារ និងការលក់នៅតាមកសិដ្ឋាននានា និងផ្នែកឯកជនចំនួន១០០លានដុល្លារ។ Harvest III នឹងធ្វើការជាមួយអ្នកផលិត និងសមាគមអ្នកផលិត កសិពាណិជ្ជកម្ម អ្នកផ្តល់សេវាកម្ម និងបច្ចេកវិទ្យាស្ថាប័នហិរញ្ញវត្ថុ និងអ្នកវិនិយោគ និងភាគីពាក់ព័ន្ធដទៃទៀត។
Harvest III មានគោលដៅចំនួន២ ទី១ ពង្រឹងប្រព័ន្ធទីផ្សារកសិកម្មប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន តាមរយៈការបង្កើនការវិនិយោគពីផ្នែកឯកជន ដើម្បីពង្រឹងភាពធន់នឹងអាកាសធាតុ និងប្រព័ន្ធទីផ្សារកសិកម្ម ប្រកបដោយភាពប្រកួតប្រជែង។ នៅក្នុងនោះគម្រោងក៏ជួយពង្រឹងសមត្ថភាពបច្ចេកទេស និងអាជីវកម្មរបស់កសិដ្ឋាន និងក្រុមហ៊ុនឯកជន កសិករ សហគ្រិនស្ត្រី និងយុវជន ដើម្បីបង្កើនប្រាក់ចំណូលរបស់ពួកគេ។
គោលដៅទី២ ពង្រឹងទំនាក់ទំនង និងការជឿទុកចិត្តនៅក្នុងចំណោមតួអង្គទីផ្សារ សម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ដោយត្រូវបង្កើនលទ្ធភាពទទួលបានទីផ្សារផលិតផល និងសេវាកម្មកសិកម្ម រួមទាំងស្ត្រី និងអាជីវកម្មគ្រប់គ្រងដោយយុវជន និងការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចំណីអាហារ និងការតាមដានផលិតផលកសិកម្ម តាមរយៈបង្កើនការប្រើប្រាស់បច្ចេកវិទ្យា។
លោកស្រីប៊ុន សៀង ប្រធានក្រុមហ៊ុនភូមិកសិកម្មធម្មជាតិបាននិយាយថា ក្រុមហ៊ុនលោកស្រី ទទួលបានមូលនិធិប្រមាណ៥ម៉ឺនដុល្លារ ពី Harvest II ដែលទើបបានបញ្ចប់កាលពីពេលថ្មីៗនេះ ដោយលោកស្រីបានប្រើប្រាស់មូលនិធិនេះ បានជួយដល់ការផ្សារភ្ជាប់ទីផ្សារ ជាមួយកសិករកាន់ច្រើន បង្កើនគុណភាព និងស្តង់ដាបន្លែ សម្រាប់អ្នកបរិភោគ។
លោកស្រីប្រាប់ថា “បញ្ហាប្រឈមរបស់អ្នកដាំបន្លែ នាពេលនេះគឺកត្តាអាកាសធាតុ”។ លោកស្រីបន្តថា “យើងរំពឹងថា គម្រោង Harvest III នេះនឹងអាចជួយដល់ពួកយើង ក្នុងការដោះស្រាយបញ្ហា បម្រែបម្រួលអាកាសធាតុ ដោយអាចឱ្យយើងបន្តដាំបន្លែ សុវត្ថិភាពបានគ្រប់រដូវ ដើម្បីតម្រូវការទីផ្សារ”៕







