ដោយៈ ជេស៊ីកា
ភ្នំពេញៈ ស្របពេលរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដំណើរការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីកាបរទេសអាស៊ានលើកទី៥៥ ក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន ប្រទេសនេះនឹងស្វាគមន៍រដ្ឋមន្រ្តីការបរទេស របស់មហាអំណាចធំៗចំនួន៤។
រដ្ឋមន្រ្តីការបរទេសមកពីបណ្តាប្រទេសមហាអំណាចនានា បានមកដល់កម្ពុជាបណ្តើរៗហើយ រួមមាន លោកវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោកកហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន រដ្ឋមន្រ្តីការបរទេសអាមេរិក លោកAnthony Blinken និងលោកSergay Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ព្រមទាំងប្រមុខកាទូតនៃបណ្តាប្រទេសជាសមាជិកអាស៊ានជាច្រើនទៀត។
តាមរយៈការធ្វើម្ចាស់ផ្ទះនេះ បានធ្វើឲ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទទួលបានផលចំណេញជាច្រើនលើទិដ្ឋភាពនយោបាយផង កាទូតផង និងទិដ្ឋភាពសេដ្ឋកិច្ចផង។
អគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់ដែលតែងតែសិក្សាពីដំណើរវិវត្តន៍នៃនយោបាយ និងសេដ្ឋកិច្ចបានមានប្រសាសន៍ឲ្យដឹងកាលពីរាត្រីថ្ងៃទី២ សីហាថា ដំណើរទស្សនកិច្ច និងការអញ្ជើញមកចុលរួមកិច្ចប្រជុំ កំពូលរដ្ឋមន្រ្តីការបរទេសអាស៊ាន និងមហាអំណាចធំៗបែបនេះ គឺជាពេលវេលាដ៏កម្រ ដែលវាផ្តល់ផលចំណេញជាច្រើនដល់កម្ពុជា។
ផលចំណេញទាំងនោះ រួមមាន ទី១ ផែនទីកម្ពុជាត្រូវបានរំលេចឡើងម្តងទៀត និងកាន់តែច្បាស់ទៅកាន់ពិភពលោក ទី២ កិច្ចប្រជុំនេះនឹងធ្វើឲ្យកម្ពុជាចំណេញលើការផ្សព្វផ្សាយ ពីមុខមាត់របស់ខ្លួនលើឆាកអន្តរជាតិ និងទាក់ទាញទេសចរណ៍នានា ទី៣ វាផ្តល់ផលចំណេញផ្នែកនយោបាយ និងកាទូត ដោយកិច្ចប្រជុំនេះបានបង្ហាញពីកិត្តិនាមកម្ពុជា ក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿន និងបង្ហាញពីកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយរយៈពេលវែងរបស់កម្ពុជា និងទី៤ ការរៀបចំកិច្ចប្រជុំនេះ ក៏ធ្វើ
ឲ្យកម្ពុជាអាចបង្ហាញសាច់ដុំ និងឋានៈរបស់ខ្លួនស្មើមុខ ស្មើមាត់ជាមួយបណ្តាប្រទេសមហាអំណាចធំៗលើពិភពលោកផងដែរ៕