ដោយ: លាងហួរ
ភ្នំពេញ: ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា សម្រេចបានទំហំ២៧,២ពាន់លានដុល្លារអាមេរិកក្នុងឆមាសទី១ ឆ្នាំ២០២២ ពោលគឺកើនឡើង២០ភាគរយពី២២,៦ពាន់លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ផ្លូវការ ចេញផ្សាយនៅថ្ងៃអង្គារនេះ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ការនាំចេញសរុបរបស់កម្ពុជា មានតម្លៃ១១,៣៧ពាន់លានដុល្លារក្នុងអំឡុងខែមករា ដល់ខែមិថុនាឆ្នាំ២០២២នេះ កើនឡើង៣៣,៩ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ហើយការនាំចូលសរុបឈានដល់១៥,៨៦ពាន់លានដុល្លារ កើនឡើង១១,៩ភាគរយ។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា តាមពីក្រោយដោយសហរដ្ឋអាមេរិក វៀតណាម ថៃ និងសិង្ហបុរី ដោយបានបន្ថែមថា ទំហំពាណិជ្ជកម្មកម្ពុជា-ចិនបានកើនឡើងដល់ ៥,៩៨ពាន់លានដុល្លារ កើនឡើង១៩,៧ភាគរយ។
កំណើនដ៏ច្រើននេះ ត្រូវបានសន្មតថាជំរុញ ដោយសារអត្រាការចាក់វ៉ាក់សាំងខ្ពស់របស់កម្ពុជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏ដូចជាការធ្វើពិពិធកម្មទីផ្សារ៕