ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោកអ៉ិត សំហេងបានមានប្រសាសន៍ថា ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ គឺជាជំហានថ្មីមួយទៀត ដែលជាជំហានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមពេញលេញនៅកម្ពុជា។
លោករដ្ឋមន្ត្រី បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយការដាក់ឱ្យអនុវត្តន៍ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពី ការងារ រៀបចំធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ ដោយមានវត្តមាន ចូលរួមពីដល់ថ្នាក់ដឹកនាំក្រសួង មន្ទីរ អង្គភាព ចំណុះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក៏ជាកិច្ចប្រជុំលើកទី១នៃយុទ្ធនាការ៩០ថ្ងៃ ក្នុងការផ្សព្វផ្សាយពីកាតព្វកិច្ច និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ផ្នែកប្រាក់សោធនដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត។

លោកអ៉ិត សំហេងបានបន្តថា ជាទូទៅ ប្រជាជនកម្ពុជា ក្រៅពីមិនហ៊ានចំណាយថវិកាលើការថែទាំសុខភាព ក៏មិនមានទម្លាប់រៀបចំផែនការហិរញ្ញវត្ថុសម្រាប់ខ្លួនឯង នៅពេលដែលពួកគាត់ ឈានចូលដល់វ័យចាស់ជរានោះដែរ ដោយភាគច្រើនត្រូវពឹងផ្អែក លើការឧបត្ថម្ភរបស់កូនចៅ។ ទម្លាប់នេះ ជាកត្តាជំរុញឱ្យប្រជាជនកម្ពុជា ប្រឈមនឹងហានិភ័យខ្ពស់ក្នុងការធ្លាក់ចូលក្នុងភាពក្រីក្រ នៅពេលចូលដល់វ័យចាស់ជរា ហើយបញ្ហានេះត្រូវបានគិតគូរពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដោយបានដាក់ចេញនូវច្បាប់ស្តីពីរបបសន្តិសុខសង្គម។
លោកបានបន្តថា នៅក្នុងច្បាប់នេះ កំណត់ការគ្រប់គ្រងរបបសន្តិសុសង្គមនៃកម្ពុជា ដែលរួមមានផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ។ មកដល់ពេលនេះកម្ពុជាបានអនុវត្តរបបសន្តិសុខសង្គមចំនួន៣ រួមមាន៖ ទី១.ផ្នែកហានិភ័យការងារអនុវត្តនៅឆ្នាំ២០០៨ ទី២.ផ្នែកថែទាំសុខភាពអនុវត្តនៅឆ្នាំ២០១៦ និងទី៣.ផ្នែកប្រាក់សោធន ដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ។
លោកបានថ្លែងថា ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ គឺជាជំហានថ្មីមួយទៀត ដែលជាជំហានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម ពេញលេញនៅកម្ពុជា និងជាចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយ ដ៏រឹងមាំប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីជាប្រយោជន៍ សម្រាប់ប្រជាជនគ្រប់ក្រុមគោលដៅ និងជាពិសេសបង្ការហានិភ័យខ្ពស់ នៃការធ្លាក់ចូលក្នុងភាពក្រីក្រ នៅពេលចូលដល់វ័យចាស់ជរា។
លោកបានបន្ថែមថា យុទ្ធនាការ៩០ថ្ងៃរបស់បេឡាជាតិ សន្តិសុខសង្គម ពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតនៃវិស័យឯកជនទាំងអស់ឱ្យបានដឹងពីកាតព្វកិច្ច និងអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបានគិតគូរវែងឆ្ងាយ ដល់ស្ថិរភាពនៃប្រាក់ចំណូលរបស់ពួកគេ។ ការផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីធានាថាថ្នាក់ដឹកនាំក្រសួង មន្ទីរ អង្គភាពចំណុះឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ យល់ដឹងពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ ធ្វើយ៉ាងណាអាចផ្សព្វផ្សាយបន្តទៅកាន់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត ក៏ដូចជាសាធារណជននៅក្នុងមូលដ្ឋានរបស់ខ្លួន ពីកាតព្វកិច្ចរួមគ្នាចូលរួមអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គមឱ្យបានពេញលេញ ប្រកបដោយភាពពេញចិត្ត និងរីករាយសាទរ ជៀសវាងការទទួលនូវការញុះញង់ ការទទួលព័ត៌មានមិនពិតពីក្រុមជនអគតិមួយចំនួនតូច។
ក្នុងស្ថានភាពដែលប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ការធានាផ្នែកសន្តិសុខសង្គម មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់នូវការគាំពារចំពោះប្រជាជនកម្ពុជា ដោយផ្អែកលើទស្សនទាននៃការចែករំលែក និងគោលការណ៍សាមគ្គីធម៌ក្នុងសង្គម តាមរយៈគោលការណ៍នៃការចែករំលែកប្រាក់ចំណូលតាមខ្សែទទឹង និងខ្សែបណ្តោយ គឺមានន័យថាអ្នកមានប្រាក់ចំណូលខ្ពស់ ជួយដល់អ្នកមានប្រាក់ចំណូលទាប អ្នកមានសុខភាពល្អជួយដល់អ្នកមានជំងឺ ជនពិការ ឬអ្នកដែលទទួលរងនូវគ្រោះថ្នាក់ផ្សេងៗ ជនមានវ័យក្មេងជួយដល់ជនចាស់ជរា ដែលការនេះធ្វើឱ្យមនុស្សក្នុងសង្គមទាំងមូលទទួលបាននូវភាពកក់ក្តៅក្នុងជីវភាពរស់នៅ ធានារក្សាបានស្ថិរភាព និងភាពសុខដុមរមនានៅក្នុងសង្គម។

លោករដ្ឋមន្ត្រីជឿជាក់ថា បេឡាជាតិសន្តិសុខសង្គម នឹងនៅតែខិតខំអនុវត្តតួនាទីពង្រឹង និងពង្រីកវិសាលភាពរបស់ខ្លួន ផ្ដល់សេវាសាធារណៈដល់សមាជិក អនុលោមតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងធានាសន្ដិសុខប្រាក់ចំណូល រួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ស្ថិរភាពសង្គមដល់សមាជិក ប.ស.ស. ទាំងវិស័យសាធារណៈ និងឯកជន ក៏ដូចជាក្រុមគោលដៅផ្សេងៗជាបន្តបន្ទាប់ទៀត៕







