ដោយ: លាងហួរ
វ៉ាស៊ីនតោនៈ លោកJack Sullivanមន្ត្រីសន្តិសុខជាតិជាន់ខ្ពស់អាមេរិក បានមានប្រសាសន៍ថាទីក្រុងវ៉ាស៊ីនតោន ចង់ឱ្យរបបទីក្រុងប៉េកាំងដាក់សម្ពាធលើរុស្ស៊ី ឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
ប៉ុន្តែនេះមិនមែនមានន័យថា សហរដ្ឋអាមេរិកនឹងបន្ទន់ឥរិយាបថចំពោះទីក្រុងប៉េកាំង នៅពេលនិយាយអំពីការដកទណ្ឌកម្មពាណិជ្ជកម្ម ឬពង្រីកអត្ថប្រយោជន៍សេដ្ឋកិច្ចផ្សេងទៀតនោះទេ។
ប្រធានាធិបតីអាមេរិកលោកចូ បៃដិនបានបន្តដាក់ទណ្ឌកម្មពាណិជ្ជកម្ម មានតម្លៃរាប់សិបពាន់លានដុល្លារ លើការនាំចូលរបស់ចិន ដែលដាក់ដោយអតីតប្រធានាធិបតីដូណាល់ ត្រាំ ក្រោមសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនដែលបានចាប់ផ្តើមនៅឆ្នាំ២០១៨ ប៉ុន្តែរដ្ឋបាលថ្មីរបស់លោកចូ បៃដិន បានស្នើឱ្យមានការដកពន្ធមួយចំនួន លើទំនិញនាំចូលពីចិន ដើម្បីកាត់បន្ថយអតិផរណានៅសហរដ្ឋអាមេរិក។
លោកJake Sullivanទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកបាននិយាយថា ការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក មកលើទំនិញចិនគ្មានការទាក់ទង គ្នា រវាង ការ សន្ទនា របស់ យើង ជាមួយ ចិន លើ វិបត្តិសង្គ្រាម នៅអ៊ុយក្រែន នោះទេ លោកថាសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែននិង បញ្ហាពន្ធគយជារឿងមិនទាក់ទងគ្នាឡើយ។
ថ្លែងក្នុងដំណើរទៅកាន់កិច្ចប្រជុំកំពូល សម្ព័ន្ធសន្តិសុខរបស់អង្គការណាតូ ក្នុងប្រទេសអេស្ប៉ាញ ដែលប្រព្រឹត្តទៅពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍ លោក Sullivanបានមានប្រសាសន៍ថា យើងមានភស្តុតាងមួយចំនួន ដែលបញ្ជាក់ថា ចិនកំពុងគាំទ្ររុស្ស៊ីផ្នែកយោធា រឺកំពុងរំលោភលើការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ។
លោកSullivanបានបន្តថា ទីក្រុងប៉េកាំង ចាំបាច់ត្រូវធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីបញ្ចប់សង្រ្គាម ខណៈដែលប្រទេសអភិវឌ្ឍន៍តិចតួចជាច្រើនកំពុងរងទុក្ខ ដោយសារតម្លៃស្បៀងអាហារ និងប្រេងឥន្ធនៈបានកើនឡើង។
លោកSullivanបានបន្ថែមថាយើងជឿជាក់ថា ប្រទេសចិនមិនអាចគេចវេសពីការទទួលខុសត្រូវបានទេ ដោយសារប្រទេសចិននិងរុស្ស៊ី មានទំនាក់ទំនងយ៉ាងស្អិតរមួតនឹងគ្នា៕







