សេដ្ឋកិច្ចប្រទេសម៉ាឡេស៊ីនឹងកើនឡើងក្នុងរង្វង់៥,៥ភាគរយក្នុងឆ្នាំនេះ

ដោយ:លាងហួរ

ម៉ាឡេស៊ី : ធនាគារពិភពលោកនៅថ្ងៃចន្ទនេះ បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី នឹងកើនឡើងក្នុងកម្រិត៥,៥ភាគរយក្នុងឆ្នាំ២០២២នេះ។

ធនាគារពិភពលោកបានឱ្យដឹង នៅក្នុងរបាយការណ៍មួយថា កំណើននេះ ត្រូវបានជំរុញជាចម្បងដោយការស្ទុះងើបឡើងវិញ ដ៏រឹងមាំនៃតម្រូវការប្រើប្រាស់ក្នុងប្រទេសម៉ាឡេស៊ី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមធនាគារដែលមានមូលដ្ឋាន នៅទីក្រុងវ៉ាស៊ីនតោនបានរាយការណ៍ថា កំណើននៃការប្រើប្រាស់ឯកជន របស់ប្រទេសម៉ាឡេស៊ីត្រូវបានព្យាករណ៍ថា នឹងឈានដល់៨,៥ភាគរយនៅឆ្នាំ២០២២នេះ ដែលជាល្បឿនលឿនបំផុតបើរាប់ចាប់តាំងពីឆ្នាំ២០០៨មក។

ធនាគារនៅអាមេរិកបានបន្ថែមថា ការស្ទុះងើបឡើងវិញដ៏រឹងមាំនៃការចំណាយរបស់ប្រជាជន គឺផ្អែកលើការធូរស្រាល លើកង្វល់សុខភាពសាធារណៈបន្ថែមទៀត ប្រសិនបើមិនមានការកើតឡើងវិញធ្ងន់ធ្ងរ នៃករណីផ្ទុកមេរោគកូវីដ១៩ ក៏ដូចជាការបន្តការគាំទ្រគោលនយោបាយ និងការកែលម្អបន្តិចម្តងៗនូវឱកាសការងារ និងប្រាក់ចំណូលរបស់ប្រជាជន។

ធនាគារពិភពលោកក៏បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី នឹងកើនឡើងក្នុងអត្រា៤,៥ភាគរយ នៅឆ្នាំ២០២៣ និង៤,៤ភាគរយនៅឆ្នាំ២០២៤។

យ៉ាងណាក៏ដោយសេដ្ឋកិច្ចប្រទេសម៉ាឡេស៊ី ធ្លាប់បានធ្លាក់ចុះរហូត​ដល់៥,៦ភាគរយក្នុងឆ្នាំ២០២០ ប៉ុន្តែក្រោយពីប្រទេសនេះបានពន្លឿនការចាក់ថ្នាំបង្ការដល់ប្រជាជន សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី ក៏បានកើនឡើងវិញ៣,១ភាគរយកាលពីឆ្នាំ២០២១។

សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី នៅតែបន្តស្ទុះឡើងរហូតដល់ឆ្នាំ២០២២នេះ ដោយកើនឡើង៥ភាគរយ ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២។

កំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី ត្រូវបានជំរុញភាគច្រើនដោយការកើនឡើង នៃតម្រូវការក្នុងស្រុក ក្រោយពីវិធានការទប់ស្កាត់ជំងឺរាត្បាតកូវីដ១៩ត្រូវបានកាត់បន្ថយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here