ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសបើកវគ្គបណ្តុះបណ្តាលស្ដីពី “នីតិវិធីនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ” ជូនសិក្ខាកាមគោលដៅចំនួន១៥០នាក់ ដែលជាមន្រ្តីរាជការទទួលមុខងារពាក់ព័ន្ធ ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងស្ថាប័ននានា។
សិក្ខាសាលានេះ ជាការចូលរួមចំណែកគាំទ្រ និងអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដំណាក់កាលទី ៣+២ និងការត្រៀមអនុវត្ត ដំណាក់កាលទី៤ ឲ្យសម្រេចបានប្រកបដោយប្រសិទ្ធភាព និងចីរភាព។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ កសាងសមត្ថភាពក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ជាកិច្ចការមានសារសំខាន់ ក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយទ្រព្យសម្បត្តិរដ្ឋ ជាប្រភពចំណូលមិនមែនសារពើពន្ធ ដែលបានរួមចំណែកក្នុងការបង្កើនចំណូលថវិកាជាតិ។
ទន្ទឹមនេះ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ គឺជាការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព និងចីរភាព សំដៅរួមចំណែកបម្រើឧត្តមប្រយោជន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម បរិស្ថាន និង វប្បធម៌។
លើសពីនេះ ទ្រព្យសម្បតិ្តរដ្ឋជាធនធានចាំបាច់ នៃកត្តាផលិតកម្ម ជាមូលដ្ឋានក្នុងការធ្វើពិពិធកម្មផលិតកម្ម និងសេវាកម្ម សំដៅជំរុញសកម្មភាពធុរកិច្ច វិនិយោគ បង្កើតការងារធ្វើ និងជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីភាព រួមចំណែកដល់ការអភិវឌ្ឍ និងវិបុលភាពសង្គម-សេដ្ឋកិច្ច ។

លោកបណ្ឌិតសភាចារ្យហ៊ាន សាហ៊ីបបានបន្តថា ការបណ្តុះបណ្តាលស្តីពី នីតិវិធីនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ គឺជាការងារសំខាន់មួយនៃការកសាង និងការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ លើជំនាញពាក់ព័ន្ធ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រទេសកម្ពុជា ដើម្បីគាំទ្រ និងអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់រាជរដ្ឋាភិបាល ជាពិសេស គឺគោលដៅគាំទ្រការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងមានផលិតភាព៕







