រដ្ឋាភិបាលស្នើភាគីបារាំងសិក្សាឡើងវិញ ប្រព័ន្ឋរថយន្តដឹកជញ្ជូនផ្លួវដែកនៅរាជធានីភ្នំពេញ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ  និងដឹកជញ្ជូនបានស្នើឱ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ពិនិត្យលទ្ធភាពឡើងវិញលើការសិក្សាប្រព័ន្ធឡានដឹកជញ្ជូនប្រើផ្លូវដែក (Tramways) ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការលើកសំណើរនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ កាលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ រវាងលោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ  និងដឹកជញ្ជូន ជាមួយលោក Jacques Pellet ឯកអគ្គរដ្ឋទូត បារាំងប្រចាំកម្ពុជា និងលោកស្រី Ophelie Bourhis នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) រួមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លោកស៊ុន ចាន់ថុល បានចាត់ទុកថា ការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់កម្ពុជា គឺបានមកពីការខិតខំប្រឹងប្រែងពីក្រសួងផ្ទាល់ ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់ រដ្ឋាភិបាលកម្ពុជា រួមទាំងដៃគូរអភិវឌ្ឍន៍នានា ក្នុងនោះមានបារាំងផងដែរ។

លោកទេសរដ្ឋមន្រ្តី ក៏បានជម្រាបទៅភាគីបារាំងដែរថា គម្រោងអភិ​វ ឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សំខាន់របស់កម្ពុជារួមមាន ផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវថ្នល់ ផែនការមេដឹកជញ្ជូនផ្លូវទឹក ផែនការដឹកជញ្ជូនតាមផ្លូវដែក ផែនការមេភស្តុភារកម្ម និងការសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Bubway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ជាដើម។

លោកទេសរដ្ឋមន្រ្តី ស្នើឱ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ពិនិត្យលទ្ធភាពឡើងវិញលើការសិក្សាប្រព័ន្ធឡាន ដឹកជញ្ជូនប្រើផ្លូវដែក (Tramway) ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ និងជួយជំរុញឲ្យប្រព័ន្ធដឹកជញ្ជូនផ្លូវដែកកម្ពុជា កាន់តែប្រសើរឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here