ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានប្រមាណ៨១៩លានដុល្លារអាម៉េរិក សម្រេចបានប្រមាណ៣១,៦៧ភាគរយ នៃផែនការ ដែលកំណត់ដោយច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

លើកឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធ និងអាករនាំចូល ដែលមានស្រាប់ក្នុងប្រទេស កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងថា ការប្រមូលចំណូលក្នុងឆ្នាំនេះ អគ្គនាយកដ្ឋានគយ នឹងខិតខំប្រឹងប្រែងអនុវត្តលើអ្វី ដែលមានចែងនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ និងការគៀគរចំណូលរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាខិតខំប្រមូលចំណូលឲ្យអស់លទ្ធភាព តាមផែនការដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុ។
លោកបណ្ឌិតបានបន្តថា ការអនុវត្តប្រមូលចំណូលពន្ធនិងអាករ ប្រចំាខែមេសា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានប្រមូលបានប្រមាណជាង ៨៩១ប៊ីលានរៀល ឬប្រមាណជាង ២២០លានដុល្លារ ស្មើ ៨,៥០ភាគរយ។ លោកបន្ថែមថា សម្រាប់ផែនការនៃការប្រមូលពន្ធ របស់អគ្គនាយកដ្ឋានគយក្នុងឆ្នាំ២០២២ មានស្ថានភាពទាបជាងឆ្នាំ២០២១ ដោយសារការរៀបចំផែនការក្នុងកំលុងនៃការផ្ទុះឡើង នៃជំងឺកូវីដ១៩មានការលំបាក។
ក្រៅពីបញ្ហានេះ ក៏មានបញ្ហាតានតឹងមួយទៀត គឺការផ្ទុះឡើងសង្គ្រាមរវាងអ៊ុយក្រែន និងរុស្សី ដែលជះឥទ្ធពលអវិជ្ជមានច្រើននៅតំបន់អឺរ៉ុប និងបានជះឥទ្ធិពលអវិជ្ជមានទូទាំងពិភពលោក ធ្វើឱ្យប្រេងសាំង និងទំនិញផ្សេងៗជាច្រើនទៀតឡើងថ្លៃ។
ជុំវិញនៃការប្រមូលចំណូលក្នុងឆ្នាំ២០២២នេះ លោកបណ្ឌិត គុណ ញឹម បានបញ្ជាក់ថា អគ្គនាយកដ្ឋានគយនឹងប្រឹងប្រែងអនុវត្តន៍ នូវអ្វីដែលបានចែងក្នុងផែនការសកម្មភាពប្រចាំឆ្នាំ សកម្មភាពយុទ្ធសាស្រ្ដកៀរគរចំណូលរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ប៉ុន្ដែទោះជាយ៉ាងនេះក្ដី សេដ្ឋកិច្ចកម្ពុជាត្រូវពឹងផ្អែកលើសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។

កាលពីឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានចំនួនជាង២ ២៩៥លានដុល្លារអាម៉េរិក ថយចុះប្រមាណ ៥.១ភាគរយ បើធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២០៕







