ការសម្រេចចិត្ត ការសម្រេចចិត្តឈរលើអ្វីជាមូលដ្ឋាន?

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ខ្ញុំបានធំដឹងក្តីនៅក្នុងបរិបទ ដែលយើងមិនមានជម្រើសច្រើនទេនាពេលនោះ។ ដូច្នេះនៅពេលដែលខ្ញុំអានអត្ថបទមួយ និយាយអំពីជម្រើស ដែលបង្វែរយើងពីគោលបំណងសំខាន់របស់យើង។

ខ្ញុំសួរខ្លួនឯងថា… តើយើងទាំងអស់គ្នាធ្លាប់ជួបនឹងស្ថានភាពមួយ នៅពេលដែលជម្រើសពីរ ទៅបីត្រូវបានផ្តល់មកយើង ដើម្បីជ្រើសរើសឬទេ? ដូចជាពេល ដែលយើងត្រូវជ្រើសរើសរវាងពណ៌ក្រហម ឬខៀវ?។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចុះប្រសិនបើបន្ថែមពណ៌បៃតង ទៅក្នុងជម្រើសនោះ? វាងាយស្រួលក្នុងការជ្រើសរើស ប្រសិនបើវាជាសកម្មភាពតិចតួចប្រចាំថ្ងៃ ដែលយើងដឹងច្បាស់។

ប៉ុន្តែវាទៅជាយ៉ាងណាវិញ ប្រសិនបើជម្រើសដែលត្រូវជ្រើសរើសមានសារៈសំខាន់ ដែលអាចកំណត់អនាគត ឬអាចជាចំណុចរបត់នៃជីវិតរបស់អ្នក? តួយ៉ាង ប្រសិនបើអ្នកត្រូវបានជ្រើសរើស ឱ្យនៅសាកលវិទ្យាល័យកំពូលទាំង៣? ឬត្រូវសម្រេចចិត្តថាត្រូវទិញផ្ទះ ទិញដីឬខុនដូ? ឬប្រសិនបើអ្នកត្រូវបានគេស្នើសុំឱ្យស្នាក់នៅ ឬផ្លាស់ទីទៅបរទេស? ឬការសម្រេ​ចចិត្តលើការជ្រើសរើសដៃគូជីវិតរបស់អ្នក?។

សម្រាប់ខ្ញុំ ជម្រើសកាន់តែច្រើន ពិតជាធ្វើឱ្យការសម្រេចចិត្តពិបាកជាងមុន និងតានតឹង។ យើងអាចពិនិត្យមើលជម្រើសទាំងអស់ ហើយបញ្ចុះបញ្ចូលខ្លួនយើងថា ប្រសិនបើយើងបន្តរកមើល យើងនឹងរកឃើញអ្វីដែលប្រសើរជាងនេះ។ ប៉ុន្តែជារឿយៗជម្រើសជាច្រើន ដែលកើតមានពេលក្រោយមិនប្រាកដថាល្អនោះទេ។

ដូច្នេះ សម្រាប់ខ្ញុំមានតែជម្រើសមួយ ឬពីរគឺគ្រប់គ្រាន់ហើយដែលជួយធ្វើឱ្យការសម្រេចចិត្តកាន់តែលឿន ហើយបន្តទៅមុខទៀត ទោះបីជាការជ្រើសរើសរវាងជម្រើសទាំងពីរ ក៏នៅតែមានភាពលំបាកក៏ដោយ។ យើងតែងតែធ្វើការសម្រេចចិត្តជារៀងរាល់ថ្ងៃ ហើយកំហុសខ្លះជាកំហុស ដែលយើងត្រូវសិក្សា ប៉ុន្តែប្រសិនបើអ្នកពន្យារពេលការសម្រេចចិត្ត ការសិក្សា អ្វីដែលអ្នកបាត់បង់នោះគឺ… ពេលវេលាដែលអ្នកត្រូវក្រោកឈរឡើងវិញ។

សូមជ្រើសរើសជម្រើសរបស់អ្នកចេញពីចិត្ត មានទំនួលខុសត្រូវខ្ពស់ ធ្វើដំណើរបន្តទៅមុខ និងសិក្សាពីបទពិសោធជីវិតរបស់អ្នក៕

LEAVE A REPLY

Please enter your comment!
Please enter your name here