តើផែនការអាជីវកម្មមួយអាចជួយឲ្យម្ចាស់អាជីវកម្មជោគជ័យដែរឬទេ?

ដោយៈលក្ខិណា

ភ្នំពេញៈ ជាទូទៅ អ្នករៀនខាងផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ត្រូវបានគេណែនាំថា ផែនការអាជីវកម្មមានសារៈសំខាន់ ដែលមិនអាចខ្វះបាន ហើយគេត្រូវធ្វើវាឲ្យល្អ និងគ្រប់ជ្រុងជ្រោយ។

ជាក់ស្ដែងយើងមិនអាចបដិសេធថា វាមិនសំខាន់នោះទេ តែវាក៏មិនចាំបាច់ខ្លាំងពេកដែរ។ សារៈសំខាន់របស់វាមានប្រហែលត្រឹម៥ទៅ១០ភាគរយប៉ុណ្ណោះ នៅលើដំណើរជារួមឆ្ពោះ ទៅកាន់ភាពជោគជ័យក្នុងជំនួញ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មូលហេតុ គឺដោយសារភាគច្រើន ផែនការអាជីវកម្មត្រូវបានធ្វើឡើងដោយសហគ្រិនថ្មីថ្មោងដែលគ្មាន ឬមានបទពិសោធន៍តិចតួច ក្នុងអាជីវកម្ម។ សាកស្រមៃមើល ប្រសិនបើអ្នកមិនដែលដើរកាត់ព្រៃទេ តើអ្នកអាចនឹងគូរផែនទីព្រៃនេះបានត្រឹមត្រូវដែរឬទេ? ប្រាកដណាស់ អ្នកនឹងមិនដឹងថាត្រូវដើរឆ្លងព្រៃតាមផ្លូវណានោះទេ។

ជាការពិត ផែនការអាជីវកម្ម នឹងមានភាពកាន់តែប្រាកដនិយម ប្រសិ​នបើអ្នករៀបចំផែនការនោះធ្លាប់មាន បទពិសោធន៍ និងជំនាញជាមូលដ្ឋានក្នុងអាជីវកម្ម បូករួមនឹងចំណេះដឹងអំពីទីផ្សារ។

ទោះជាមិនទាន់មានបទពិសោធន៍ច្រើន សម្រាប់ធ្វើវាឲ្យបានល្អក៏ដោយ ក៏អ្នកនៅតែត្រូវការផែនការអាជីវកម្មមួយដែរ។ យ៉ាងហោចណាស់ អ្នកគួរត្រៀមខ្លួនជាមុនថា គួរសាកល្បងដើរតាមទិសដៅណាខ្លះ គួរបម្រុងសម្ភារៈអ្វីខ្លះ? អាចនឹងជួបបញ្ហាអ្វីខ្លះ ហើយត្រូវដោះស្រាយដោយរបៀបណា។

ពេលធ្វើផែនការក្នុង Business Model Canvas អ្នកនឹងត្រូវឆ្លើយសំនួរជាច្រើន តែទោះជាយ៉ាងណា ស្នូលនៃផែនការអាជីវកម្មមានតែប៉ុន្មានចំនុចដូចខាងក្រោមដូចជា

• ការវិភាគតម្រូវការទីផ្សារ និងទំហំទីផ្សារ
• វិធីបង្កើត ឬទិញចូលឲ្យបានផលិតផលល្អ ក្នុងតម្លៃប្រកួតប្រជែង។
• យុទ្ធសាស្រ្តផ្សព្វផ្សាយ លក់ និងប្រជែងយកចំណែកទីផ្សារ។
• ការបម្រុងទុនសម្រាប់បន្តដង្ហើមក្រុមហ៊ុន។
• ការគ្រប់គ្រងដំណើរប្រតិបត្តិការប្រចាំថ្ងៃ៖ អ្នកណាធ្វើអ្វី ហើយត្រូវឲ្យចេញលទ្ធផលអ្វី?។

ផែនការអាជីវកម្មគួរដែលល្អគួរគិតពីភាពអវិជ្ជមាន និងត្រៀមផ្លូវបម្រុងឲ្យបានច្រើន សម្រាប់ដោះស្រាយបញ្ហា ជាជាងការរំពឹងតែលទ្ធផលល្អ និងភាពរលូន។ អ្នកមានបទពិសោធន៍រកស៊ី ប្រាកដជាធ្លាប់បានឆ្លងកាត់ពេលមួយ ដែលគេត្រលប់ទៅមើលផែនការអាជីវកម្មដំបូងៗ រួចក៏អង្គុយអស់សំណើច ដោយសារតែផែនការនោះមានការរំពឹងខ្ពស់ពេក ស្រមើលស្រមៃពេក តែលទ្ធផលជាក់ស្តែងគឺទាបជាងគោលដៅឆ្ងាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here