ដោយៈ សុខុម
ហុងកុង: ភាគហ៊ុនរបស់ក្រុមហ៊ុនប្រតិបត្តិករ បណ្តាញទូរស័ព្ទចល័តចិន China Mobile បានហក់ឡើងនៅថ្ងៃជូញដូរដំបូងរបស់ខ្លួន ក្នុងទីក្រុងសៀងហៃ។

ក្រុមហ៊ុននេះ បានបង្ខំចិត្តដកថយមកកាន់ផ្សារហ៊ុន នាទីក្រុងសៀងហៃ ក្រោយពីត្រូវបានបណ្ដេញចេញ ពីសង្កាត់ផ្សារភាគហ៊ុនដ៏ល្បីល្បាញ Wall Street នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០២១។
យោងតាមសារព័ត៌មាន Dealogic ឱ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុនទូរគមនាគមន៍ ខ្នាតយក្សរបស់ប្រទេសចិន មួយនេះបានហក់ឡើង ១,៨%កាលពីថ្ងៃពុធ ទី៥ មករា បន្ទាប់ពីក្រុមហ៊ុននេះ បានដកខ្លួនចេញពីការចុះបញ្ជីដ៏ធំបំផុតនៅប្រទេសចិន កាលពី១០ឆ្នាំមុន។
នៅមុននេះ ក្រុមហ៊ុននេះកៀរគរដើមទុន បានរហូតដល់ទៅប្រមាណ៧,៦៤ពាន់លានដុល្លារ ជាតួលេខមួយដែលអាចកើនឡើងខ្ពស់ជាងនេះដែលមានទំហំទឹកប្រាក់ ឈានដល់៨,៨ពាន់លានដុល្លារ ប្រសិនបើការកៀរគរដើមទុនបន្តធ្វើរហូតដល់ត្រឹមដើមខែកុម្ភៈ។
ភាគហ៊ុនរបស់ក្រុមហ៊ុន China Mobile ត្រូវបានជួញដូរក្នុងតម្លៃ៩,២៣ដុល្លារ នៅក្រុងសៀងហៃ គិតត្រឹមម៉ោង ២:២៤ នាទីរសៀលម៉ោងក្នុងស្រុក។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះ នៅក្រុងហុងកុង ក៏បានហក់ឡើង ៤,៣%ផងដែរ។
លទ្ធផលដ៏ល្អនៃការជួញដូរថ្ងៃដំបូងនេះ គឺពិតជាល្អណាស់សម្រាប់ក្រុមហ៊ុន China Mobile ដែលទើបតែឈានជើងចូលមក ទឹកដីកំណើតវិញ។
កាលពីឆ្នាំ២០២១ ក្រុមហ៊ុននេះ រួមជាមួយក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍២ទៀត ដែលគ្រប់គ្រងដោយរដ្ឋចិន គឺក្រុមហ៊ុន China Telecom និង China Unicom ត្រូវបានលុបឈ្មោះចេញពីបញ្ជីផ្សារ ភាគហ៊ុនក្រុង ញូវយ៉ក (New York Stock Exchange) បន្ទាប់ពីរដ្ឋការប្រធានាធិបតី ដូណាល់ ត្រាំ បានប្រើដាវអាជ្ញាសឹករារាំង ការវិនិយោគរបស់អាមេរិក នៅក្នុងក្រុមហ៊ុនបែបនេះ ដែលគេជឿថាមានទំនាក់ទំនងជាមួយយោធាចិន៕ CNN៕







