ដោយ: ម៉ាលីស
ភ្នំពេញ: ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សំដៅទៅលើចំណេះដឹង ឬសមត្ថភាពនៃការគ្រប់គ្រងប្រាក់ ឬហិរញ្ញវត្ថុរបស់បុគ្គលម្នាក់ៗ ដែលវាបានមកពីការសិក្សារៀនសូត្រ ដោយមានក្បួនច្បាប់ មេរៀនកំណត់ត្រាត្រឹមត្រូវ និងការសិក្សាពីបទពិសោធន៍របស់អ្នកជំនាញណាម្នាក់។
វាមានច្រើនទម្រង់ដូចជា ការគ្រប់គ្រងហិរញ្ញវត្ថុ ផ្ទាល់ខ្លួន និងសម្រាប់ស្ថាប័ន ឬក្រុមហ៊ុនជាដើម។ លើស ពីនេះ ចំណេះដឹងមួយនេះនឹងជួយអ្នកឲ្យមានភាពច្បាស់លាស់ក្នុងការរៀបចំផែនការសម្រាប់ការចំណាយ លំហូរសាច់ប្រាក់ ការបែងចែកការប្រើប្រាស់ឥណទាន យល់ដឹងពីសុខភាពហិរញ្ញវត្ថុរបស់ស្ថាប័ន និងការវិនិយោគផ្សេងៗ។
យ៉ាងណាមិញ ប្រសិនបើអ្នកមានគោល បំណងក្នុងការក្លាយខ្លួន ជាសហគ្រិនជោគជ័យ ម្នាក់ អ្នក គួរតែបង្កើន និងពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ តាមរយៈចំណុចសំខាន់ៗខាងក្រោម៖
១. បង្កើតយុទ្ធសាស្រ្ដដឹកនាំអាជីវកម្មឲ្យមានប្រសិទ្ធភាព៖ ក្រៅពីការបង្កើតនូវយុទ្ធសាស្រ្ដឲ្យមានការទាក់ទាញអតិថិជន សហគ្រិន ឬម្ចាស់អាជីវកម្មក៏ត្រូវធ្វើការបែកចែកនូវរបាយការណ៍ហិរញ្ញវត្ថុនានា ដើម្បីគ្រប់គ្រងនូវដំណើរការអាជីវកម្ម និងបុគ្គលិក ហើយងាយស្រួលក្នុងការបង្កើតនូវគោលការណ៍ថ្មីដែលល្អសម្រាប់ស្ថាប័ន។
២. ដឹងពីក្បួននៃការប្រើប្រាស់ហិរញ្ញវត្ថុ៖ មានគម្រោងច្បាស់លាស់នៅក្នុងការចាយវាយ និងប្រើប្រាស់ធនធាន ដែលមាននៅក្នុងរយៈពេលណាមួយ វែង ឬខ្លី ប្រកបដោយប្រសិទ្ធភាព ដោយអាស្រ័យទៅលើតារាងតុល្យការ របាយការណ៍លំហូរសាច់ប្រាក់ ដើម្បីឲ្យដឹងពីប្រាក់ចំណេញខាត និងសន្និដ្ឋានមើលពីអនាគតរបស់អាជីវកម្ម។
៣. ធ្វើការពង្រីកអាជីវកម្មឲ្យបានត្រឹមត្រូវ៖ យល់ឲ្យ ច្បាស់ពីកាលៈទេសៈ និង រក ពេល វេលា ល្អដែលអ្នក ប្រាកដ ថា អាជីវកម្មរបស់ អ្នក អាចពង្រីក បន្ថែមបាន ដោយ គ្មាន ហានិភ័យ។
៤. ចេះប្រើប្រាស់បំណុលឲ្យក្លាយជាទ្រព្យ៖ ពិតថាបំណុល មានល្អ និងមិនល្អ អាស្រ័យលើអ្នកប្រើប្រាស់។ ដូច្នេះ សហគ្រិន ដែលមានទេពកោសល្យ និងចំណេះដឹងខ្ពស់ផ្នែកហិរញ្ញវត្ថុនឹងធ្វើការកែច្នៃរាល់បំណុលឲ្យទៅជាទ្រព្យ ពេលពួកគេមើលឃើញឱកាស។
៥. យល់ច្បាស់ពីរបត់សង្គម៖ អាជីវកម្មក៏ត្រូវការពឹងផ្អែកលើរបត់សង្គមមួយផ្នែកដែរ។ បុគ្គលជំនាញផ្នែកហិរញ្ញវត្ថុអាចនឹងព្យាករណ៍ត្រូវច្រើនថារបត់សង្គមបត់ទៅណា នោះគេនឹងបង្កើតយុទ្ធសាស្រ្ដអាជីវកម្មដែល បត់បែនតាមបរិបទនោះ និងមានកញ្ចប់ថវិកាបម្រុងសម្រាប់ជាជំនួយ ប្រសិនបើមានហេតុការណ៍ស្មានមិនដល់ណាមួយ កើត ឡើង។
ដើម្បីក្លាយជាសហគ្រិនជោគជ័យ មួយរូបមិនមែនគ្រាន់តែផ្ដោតទៅលើ អតិថិជន និងផលិតផលឬសេវាកម្ម របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្ដែអ្នកក៏ត្រូវពង្រឹងសមត្ថភាពផ្នែកហិរញ្ញវត្ថុឲ្យបានខ្លាំងផងដែរ ទើបអ្នកអាចដឹកនាំអាជីវកម្មទៅមុខប្រកបដោយចីរភាព៕