ដោយៈគង់ សេរីជេស៊ីកា
ភ្នំពេញៈ ដោយសារកម្រិតប្រជាប្រិយភាព ជាមួយឆ្នេរខ្សាច់សក្បុរ ទឹករលករេញៗ និងខៀវស្រងាត់ កោះរ៉ុងបានប្រែក្លាយពីកោះស្ងាត់ជ្រងំ ភូមិអ្នកនេសាទ មកជាទីក្រុងដែលមានការរីកចម្រើនយ៉ាងលឿន។
អភិបាលក្រុងកោះរ៉ុង លោក នួន ប៊ុនថុលបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា កោះរ៉ុងមានផ្ទះសំណាក់ទាំងតូច ទាំងធំជាង២០០កន្លែង រួមទាំងរីសតលំដាប់ប្រណីត ចំនួនពីរកន្លែងទៀតរបស់ឧកញ៉ាទៀ វិចិត្រនិងអ្នកឧកញ៉ាគិត ម៉េង។
លោកបន្តថា “កោះរ៉ុងជាកោះឋានសួគ៌ នៅមិនឆ្ងាយពីក្រុងព្រះសីហនុ។ ទោះបីត្រូវធ្វើដំណើរកាត់សមុទ្រ កោះរ៉ុងនៅតែគោលដៅដែលភ្ញៀវមិនអាចខកខានបាន”។លោកបន្តថា “ជាទូទៅក្នុងមួយថ្ងៃមិនក្រោមពាន់នាក់ និងរដូវបុណ្យទានអាចដល់៥ ០០នាក់មុនផ្ទុះកូវីដ១៩”។
ផ្ទះស្នាក់នៅលើកោះមានចាប់ពី៥ដុល្លារក្នុងមួយយប់ ក៏មានដោយស្នាក់នៅតាមផ្ទះប្រជាពលរដ្ឋ និងអាចដល់តម្លៃរាប់រយដុល្លារនៅរីសត ឬប្រភេទបឹងកាឡូប្រណិតៗ។
ភ្ញៀវទេសចរដែលមកកម្សាន្ត ភាគច្រើនស្នាក់នៅយ៉ាងហោចណាស់ មួយយប់នៅលើកោះ។
លោកអភិបាលក្រុងរូបនេះបានបន្តថា ក្រៅពីមានឆ្នេរខ្សាច់ នៅលើកោះក៏មានកន្លែងទាក់ទាញ ជាលក្ខណៈអេកូទេសចរណ៍បែបធម្មជាតិមាន ទឹកជ្រោះ ព្រៃកោងកាង ឧទ្យានសមុទ្រ ផ្កាថ្មជាដើម។
បច្ចុប្បន្ននៅលើកោះរ៉ុង កំពុងសាងសង់ផ្លូវបេតុងប្រវែងជាង៧០គីឡូម៉ែត្រ ក្រោមទុនវិនិយោគប្រមាណ៣៥លានដុល្លារ ដែលគម្រោងនេះ នឹងបញ្ចប់ក្នុងរយៈពេល១៦ ខែ។ នៅពេលសំណង់ហេដ្ឋារចនាសម្ព័ន្ធបញ្ចប់ ជំរុញការអភិវឌ្ឍនៅលើកោះបន្ថែមទៀត។ នេះបើតាមលោកអភិបាលក្រុង។
រដ្ឋាភិបាលបានបង្កើតក្រុងថ្មី ដោយកាត់យកកោះចំនួនពីរ ក្នុងខេត្តព្រះសីហនុ ដែលមានសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម បង្កើតជាក្រុងកោះរ៉ុង ដែលទីតាំងសាលាក្រុងស្ថិតនៅក្នុងសង្កាត់កោះរ៉ុងសន្លឹម។
កោះរ៉ុង និងកោះរ៉ុងសន្លឹម មានផ្ទៃដីសរុបជាង១០០គីឡូម៉ែត្រការ៉េ មានចម្ងាយប្រហែល៣៦គីឡូម៉ែត្រពីឆ្នេរសមុទ្រក្រុងព្រះសីហនុ។ បច្ចុប្បន្នកោះរ៉ុង មានភូមិចំនួន៣ និងកោះរ៉ុងសន្លឹម មាន២ភូមិ និងមានប្រជាជនរស់អចិន្រ្តៃយ៍ប្រមាណ៤០០០នាក់៕







