ដោយៈលក្ខិណា
ភ្នំពេញៈ ការបើកដំណើរអាជីវកម្មមួយដំបូង ពិតជាប្រឈមនឹងហានិភ័យណាស់ ជាពិសេសអាជីវកម្មតូចៗ ដែលមានការប្រកួតប្រជែងច្រើន ជាមួយនឹងដៃគូតូចធំផ្សេងទៀត ដូច្នេះម្ចាស់អាជីវកម្មតូចៗ គួរស្វែងយល់នូវចំណុចទាំងនេះ បើមិនចង់ឱ្យអាជីវកម្មនោះក្ស័យធន់។
បណ្ដុំសហគ្រិនខ្មែរ បានចងក្រងជាចំណុចសំខាន់មួយចំនួន ដើម្បីជាទុនមួយសម្រាប់ម្ចាស់អាជីវកម្មតូចៗ៖
១. ស្វែងយល់ពីបញ្ហាផ្លូវច្បាប់
ត្រូវរកអ្នកជំនាញផ្នែកផ្លូវច្បាប់ មកធ្វើការបកស្រាយពីគុណសម្បត្តិ និងគុណវិបត្តិនៃការប្រកាសក្ស័យយធន។ បញ្ហាមួយទៀតគឺកម្រិតទទួលខុសត្រូវរបស់ក្រុមហ៊ុនថា តើជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ឬគ្មានកម្រិត?។
២.ពិភាក្សាជាមួយដៃគូ
សម្រាប់អាជីវកម្ម ឬ ក្រុមហ៊ុនដែលបើកលក្ខណៈជាដៃគូ (Partnership) ត្រូវធ្វើការពិភាក្សាគ្នាជាមុនសិន ដោយជាទូទៅមនុស្ស២នាក់ គិតបានល្អជាងមនុស្សម្នាក់ ដើម្បីរកវិធីសាស្រ្តនានា ប្រសិនបើអាជីវកម្មកំពុងមានបញ្ហា អាចប្រឈមនឹងការប្រកាសក្ស័យធនតើគួរមានដំណោះស្រាយបែបណា ? ស្វែងរកហិរញ្ញវត្ថុបន្ថែម ? តាមរយៈកម្ចី ឬដាក់មូលធនផ្ទាល់ខ្លួនបន្ថែម?។
៣. គ្រប់គ្រងចំណាយ
ការគ្រប់គ្រងចំណាយស្តាប់ទៅដូចសាមញ្ញ តែអនុវត្តជាក់ស្តែងគឺលំបាក ដូច្នេះទើបរដ្ឋាភិបាលបង្កើត មជ្ឍមណ្ឌលបណ្តុះបណ្តាលសហគ្រិន ដើម្បីជួយបង្កើនចំណេះដឹងហិរញ្ញវត្ថុទៅកាន់អាជីវករ ឬសហគ្រិន។ តាមរយៈចំណេះដឹងនេះ ម្ចាស់អាជីវកម្មអាចកត់ត្រាឡើងវិញពីចំណាយប្រចាំខែ និងកាត់ចោលចំណាយណា ដែលមិនសំខាន់ កាត់ចោលចំណាយណា ដែលជាចំណាយវិនិយោគរយៈពេលវែង ដូចជាគម្រោងសំណង់ និង ធ្វើបន្ថែមការចំណាយទៅលើអ្វី ដែលចាំបាច់ចំពោះមុខ ដូចជាប្រព័ន្ធដឹកជញ្ជូនក្នុងអំឡុងពេលកូវីដជាដើម។
៤. ផ្តោតទៅលើប្រសិទ្ធិភាព
ជាទូទៅនៅពេលមានវិបត្តិ អាជីវកម្មមិនថាតូច ឬធំតែងមានបញ្ហាប្រាក់ចំណូល ហើយប្រសិនបើរកប្រាក់ចំណូល មកទប់ចំណាយមិនជាប់ទេ គឺប្រឈមនឹងការក្ស័យធនហើយ។ អាជីវកម្មខ្លះបង្កើតកំហុស តាមរយៈការចាប់យកផ្នែកអាទិភាពច្រើនមុខពេក ធ្វើឱ្យគ្មានភាពច្បាស់លាស់ ដូច្នេះក្នុងពេលមានវិបត្តិ គឺគេផ្តោតទៅលើប្រសិទ្ធភាពលើអ្វីមួយដែលច្បាស់លាស់ ពង្រឹងគុណភាពផលិតផល ដែលមានស្រាប់ជាជាងបង្កើតអ្វីថ្មី។
៥. អនាគត
វាជាចំណុចដែលក្រុមហ៊ុន និងអាជីវកម្មមិនថាតូច ឬធំតែងមើលរំលងគឺមិនបានប្រមើលមើលពីតម្រូវការនាពេលអនាគត សាកស្រម៉ៃមើល ប្រសិនបើអ្នកប្រកាសក្ស័យធនថ្ងៃនេះ តែស្អែក ឬ ខានស្អែក ឬនៅមួយឆ្នាំក្រោយ ផលិតផលដែលអ្នកលក់មិនដាច់ថ្ងៃនេះមានតម្រូវការខ្ពស់ តើអ្នកស្តាយក្រោយដែរឬទេ ? ។
ដូច្នេះទើបវាជារឿងចាំបាច់ ក្នុងការបង្កើតចក្ខុវិស័យវែងឆ្ងាយ សូម្បីតែសម្រាប់អាជីវកម្មទំហំតូចក៏ដោយ ព្រោះវានឹងដើរតួជាកម្លាំងចលកររុញច្រានអាជីវកម្ម ឱ្យតស៊ូទៅមុខបាន។
៦. រៀបចំខ្លួន និង ប្រឈមនឹងការពិត
ជាក់ស្តែងទៅ ប្រសិនបើយើងត្រៀមខ្លួនរួចហើយ តែស្ថានភាពនៅតែមិនល្អ ដែលវាទាមទារឱ្យអាជីវកម្មត្រូវក្ស័យធន នោះក៏ជាបញ្ហាមិនអាចចៀសផុត ព្រោះអាជីវកម្មមានការកកើត និងស្លាប់ក្នុងន័យនេះគឺក្ស័យធន។ ដូច្នេះម្ចាស់អាជីវកម្មត្រូវរៀបចំខ្លួន និង ប្រឈមនឹងការពិត ហើយចាំថាក្ស័យធនលើកនេះ ចាត់ទុកជាមេរៀននិងមិនគួរខ្លាចបង្កើតអាជីវកម្មថ្មីទេ៕