បញ្ហាប្រឈមធំៗ៤ដែលសហគ្រិនជួបប្រទះក្នុងអំឡុងពេលកូវីដ១៩

ដោយៈលក្ខិណា

ភ្នំពេញៈ ក្នុងវិបត្តិនៃជំងឺកូវីដ១៩ គ្មានវិស័យណាមួយគេចផុត ពីផលប៉ះពាល់នោះទេ ហើយមិនថាសហគ្រិនបង្កើតអាជីវកម្មយូរមកហើយ ឬក៏ទើបបង្កើតថ្មីៗនោះដែរ ប៉ុន្តែបញ្ហាប្រឈមធំៗ៤ ដែលសហគ្រិនបានជួបប្រទះ ក្នុងអំឡុងពេលវិបត្តិកូវីដ១៩នេះ ។ តើបញ្ហាប្រឈមទាំង៤នោះមានអ្វីខ្លះ?។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទស្សនៈរបស់សហគ្រិនខ្មែរ បានបង្ហាញថាបញ្ហាប្រឈមធំៗទាំង៤ដែលសហគ្រិនជួបប្រទះ ក្នុងអំឡុងនៃការរីករាលដាលនៃជំងឺកូវីដ១៩ដូចជា

១. ការផ្លាស់ប្តូរច្បាប់-បទបញ្ញត្តិ និង គោលនយោបាយរបស់រដ្ឋាភិបាល

ដើម្បីទប់ស្កាត់បញ្ហាកូវីដ១៩ រដ្ឋាភិបាលធ្វើការបង្កើតច្បាប់ និងបទបញ្ញត្តិបន្ថែម ក៏ដូចជា គោលនយោបាយបញ្ចេញសាច់ប្រាក់នានា ដើម្បីជួយដល់ប្រជាជនរងគ្រោះ។  ក្រៅពីមានអត្ថប្រយោជន៍ វាក៏ផ្ដល់នូវបញ្ហាប្រឈមដល់សហគ្រិនផងដែរ ដូចជា គោលនយោបាយបញ្ចេញសាច់ប្រាក់ ជួយដល់កម្មករក្នុងវិស័យវាយនភណ្ឌជាដើម គឺតម្រូវឱ្យម្ចាស់សហគ្រាសជួយបំពេញផ្នែកខ្លះនៃសាច់ប្រាក់ ដល់និយោជក តាមវិស័យនីមួយៗដែ​លបានរងគ្រោះ។

ដូច្នេះម្ចាស់អាជីវកម្ម ត្រូវចំណាយលើកញ្ចប់ថវិការមួយនេះ ដោយចៀសមិនបាន។

២. ប្រឈមនឹងព័ត៌មានច្រើនហួសប្រមាណ

ក្នុងអំឡុងពេលកូវីដ១៩ ព័ត៌មានចេញច្រើនជាប្រចាំថ្ងៃ ដូចជាព័ត៌មានបច្ចុប្បន្នភាពអ្នកឆ្លងថ្មី ករណីនាំចូល ករណីស្លាប់ តំបន់ដែលត្រូវបិទជាបណ្តោះអាសន្នជាដើម។  ត្បិតតែទទួលបានព័ត៌មានច្រើន គឺល្អដល់ការសម្រេចចិត្ត តែពេលខ្លះព័ត៌មានច្រើនហួសពេកក៏អាចធ្វើឱ្យម្ចាស់អាជីវកម្ម មានជំងឺតប់ប្រមល់បានដែរ។  ពេលខ្លះទៀត ព័ត៌មានច្រើនពេក វាអាចលុបព័ត៌មានណាដែលសំខាន់ និងចាំបាច់ដល់ម្ចាស់អាជីវកម្ម។  ដូច្នេះរឿងដែលត្រូវធ្វើគឺបិទ Notification ទំព័រព័ត៌មានមួយចំនួន និងធ្វើការកំណត់ចំពោះព័ត៌​មា​នណាដែលសំខាន់ និងគួរដឹងប្រចាំថ្ងៃ ដូចជាព័ត៌មានតំបន់ក្រហមជាដើម តើវានឹងប៉ះពាល់យ៉ាងម៉េចខ្លះដល់អាជីវកម្ម?។

៣. ផ្តោតលើរឿងដែលចាំបាច់

សាកស្រម៉ៃមើលស្ថានភាពកំពុងល្អសុខៗ ក៏មានរោគឆ្លងចូលមកក្នុងប្រទេសបង្កបញ្ហាយ៉ាងច្រើន។ ក្នុងកាលៈទេសៈនេះ វាតម្រូវឱ្យម្ចាស់អាជីវកម្មធ្វើការផ្ដោតសំខាន់ទៅលើតែរឿងចាំបាច់ជាចម្បង ឬអាចចំណាយធនធានច្រើនសម្រាប់វាផងដែរ។  ក្នុងចំណោ​មនោះ បញ្ហាដែលប៉ះពាល់ដល់ម្ចាស់អាជីវកម្មខ្លាំងបំផុត គឺការចំណាយទៅលើឧបករណ៍និងសំភារៈការពារដូចជាម៉ាស៊ីនវាស់កម្តៅ ម៉ាស អាល់កុល ជាដើម។ ក្រៅពីនេះ នៅមានរឿងការកំណត់ពីគម្លាតស្តង់ដារ តុកៅអី ជាការណែនាំដោយក្រសួងសុខាភិបាល ដែលសហគ្រិននិងម្ចាស់អាជីវកម្មត្រូវចាត់វិធានការជាចាំបាច់ និងអាទិភាពបំផុត ដើម្បីធានាសុវត្ថិភាពបុគ្គលិក អតិថិជន អ្នកផ្គត់ផ្គង់ និង ដៃគូអាជីវកម្ម។

៤. ផ្នែកផ្លូវចិត្ត និង ផ្នត់គំនិត

ផ្នែកផ្លូវចិត្ត និងផ្នត់គំនិតនេះ គឺប៉ះពាល់ទាំងអស់មិនថា ជាប្រជាជនទូទៅ ដែលមានការបារម្ភពីរឿងបាត់បង់ការងារ ត្រូវការចំណូលដើម្បីចំណាយប្រចាំថ្ងៃ ទាំងកម្រិតរ  ដ្ឋាភិបាល ក៏មានការបារម្ភពីការធ្លាក់ចុះសកម្មភាពសេដ្ឋកិច្ច រួមទាំងកម្រិតជាម្ចាស់អាជីវកម្ម និង សហគ្រិន ក៏មានផលប៉ះពាល់ផ្លូវចិត្ត មិនដឹងត្រូវរកចំណូលតាមណាមកបើកឱ្យ​បុគ្គលិក មិនដឹងថាលុយវិនិយោគរកស៊ីអាចស្រង់ដើមវិញឬអត់។

អ្វីដែលត្រូវធ្វើ គឺត្រូវមានផ្នត់គំនិតមួយថាគ្មានរឿងអ្វី ដែលនៅក្នុងស្ថានភាពអាក្រក់រហូតនោះទេ ភាពអត់ធ្មត់ និងការជឿជាក់ទៅលើរដ្ឋាភិបាល នឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចល្អឡើងវិញនាថ្ងៃខាងមុខ ។

បញ្ហាប្រឈមរបស់សហគ្រិន ក្នុងអំឡុងពេលកូវីដ១៩ មានច្រើនអាស្រ័យលើវិស័យនីមួយៗខុសៗគ្នា ហើយក៏អាស្រ័យទៅលើតំបន់ភូមិសាស្រ្ត ដែលរងផលប៉ះពាល់ផងដែរ តែចំណុចដែលត្រូវចាប់គឺផ្នត់គំនិត ភាពអត់ធ្មត់ និងការជឿជាក់ទៅលើស្ថាប័នជំនា​ញរបស់រដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here