ដោយៈតារា
ភ្នំពេញៈ ទីលានចាក់សំរាមមួយនៅក្នុងខេត្តកណ្ដាល នឹងលេចឡើងនៅពេលឆាប់នេះ ដើម្បីគ្រប់គ្រងសំរាមសំណង់រឹង ប្លាស្ទិកក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារពិភពលោក ដែលស្ថិតនៅតំបន់មេទឹកព្រែករាំង ភូមិព្រែរាំង ឃុំទឹកវិល ស្រុកស្អាង។
ក្នុងឱកាសចុះពិនិត្យមើលទីតាំងស្ថាបនា ទីលានចាក់សំរាមកាលពីព្រឹកថ្ងៃទី២០ សីហា ២០២១ លោក ប្រាក់ សំអឿន បានលើកឡើងថា ការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក ពិតជាមានសារៈសំខាន់ណាស់ ប្រសិនបើការទុកដាក់សំរាម សំណល់រឹង និងប្លាស្ទិក មិនត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសនោះទេ។
លោកបន្តថា វានឹងបណ្ដាលឱ្យយើងជួបនូវបញ្ហាប្រឈម ព្រមទាំងជះឥទ្ធិពលដល់បញ្ហាសុខភាព នៅរយៈពេលយូរខាងមុខទៀត ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់សំរាម សំណល់រឹង និងប្លាស្ទិក មានការកើនឡើងគួរឱ្យព្រួយបារម្ភ ដែលតម្រូវឱ្យធ្វើការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងស្តង់ដារ ។
លោកគង់ សោភណ្ឌ អភិបាលខេត្តកណ្តាលបានឱ្យដឹងថា ទីលានចាក់សំរាមនេះ គ្រោងធ្វើឡើងនៅលើផ្ទៃដី២០ហិកតា ដែលជាដីរដ្ឋដែលបានចុះបញ្ជីរួចរាល់ ខណៈដែលបច្ចុប្បន្នបញ្ហាសំរាម ក្នុងខេត្តកណ្ដាលកំពុងតែមានការប្រឈមខ្លាំង ដែលទីតាំងចាស់នឹងត្រូវបិទដោយសារពេញប្រើប្រាស់លែងកើត។
លោកថា “ក្នុងការចុះត្រួតពិនិត្យនេះខាងធនាគាពិភពលោក បានព្រមព្រៀងហើយ ប៉ុន្តែស្ថិតក្នុងការពិភាក្សាលម្អិតប៉ុណ្ណោះ ហើយចំពោះការចំណោយថវិកាចំនួនប៉ុន្មាននោះ មិទាន់ដឹងនៅឡើយទេ តែខាងធនាគារ ពិភពលោកជាអ្នករ៉ាប់រងទាំងស្រុង”។
លោក គង់ សោភ័ណ្ឌ បានគាំទ្រយ៉ាងពេញទំហឹង ដែលនឹងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក។ ទីតាំងតំបន់មេទឹកព្រែករាំងនេះ សមស្របដែលអាចធ្វើជាទីលានចាក់សំរាម និងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក ស្របតាមលក្ខណៈបច្ចេកទេស។ ទន្ទឹមនឹងនោះ ក៏បានយល់ព្រមធ្វើការនៅលើទំនប់ដើម្បីការពារទឹកជំនន់ នៅជុំវិញបរិវេណទីលានចាក់សំរាមនេះផងដែរ ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើប្រជាពលរដ្ឋ បានបន្សល់ទុកនូវសំរាម និងកាកសំណល់ជាច្រើន ដែលជាការព្រួយបារម្ភមួយរបស់កម្ពុជា ទៅលើបរិស្ថាន ខណៈក្រុមហ៊ុនកែច្នៃសំរាម និងកាកសំណល់ជាច្រើន ហាក់មិនទាន់មានពន្លឺក្នុងការកែច្នៃជាផ្លូវការនៅឡើយ៕