ដោយគង់ ម៉ាលីន
ភ្នំពេញៈ នៅក្នុងទិដ្ឋភាពសសេដ្ឋកិច្ច គេបែងចែកចេញជាផ្នែកធំៗពីរ គឺម៉ាក្រូ និងមីក្រូសេដ្ឋកិច្ច ដែលសំដៅដល់អត្ថបទខុសគ្នា ប៉ុន្តែក៏ហាក់មានភាពស្រដៀងគ្នាផងដែរ។
តើម៉ាក្រូសេដ្ឋកិច្ច និងមីក្រូសេដ្ឋកិច្ចមានភាពខុសគ្នាដូចម្តេច? ភាពខុសគ្នារវាងម៉ាក្រូសេដ្ឋកិច្ច និងមីក្រូសេដ្ឋកិច្ច លោក អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់បានដឹង ឮពីពាក្យគន្លឹះទាំងពីរនេះ ជាពិសេសចំពោះសិស្សានុសិស្ស ឬនិសិត្សដែលបានសិក្សាមុខជំនាញហិរញ្ញវត្ថុ សេដ្ឋកិច្ចឬមុខវិជ្ជាតម្រង់ទិសនៅថ្នាក់មូលដ្ឋាន។
ទោះជាយ៉ាងណាប្រជាជនខ្មែរភាគច្រើន នៅតែមានការភ័ន្ដច្រឡំអំពីភាពខុសគ្នានិងអត្ថន័យរបស់ពាក្យទាំងពីរនេះ។
ខាងក្រោមនេះគឺជានិយមន័យ គឺមីក្រូសេដ្ឋកិច្ច (Microeconomics) : គឺជាការសិក្សាពីអត្តចរឹតរបស់សហគ្រាស គ្រួសារ ក្នុងការប្រើប្រាស់ និងជ្រើសរើសធនធានកម្រ ការសិក្សានេះមានដូចជា : គោលនយោបាយកំណត់តម្លៃរបស់សហគ្រាស តម្រូវការនិងការផ្គត់ផ្គង់ ការសំរេចចិត្តរបស់គ្រួសារទៅលើអ្វីដែលត្រូវទិញ និងរបៀបទីផ្សារបែងចែកធនធាន។
ចំណែក ម៉ាក្រូសេដ្ឋកិច្ច (Macroeconomics) : សិក្សាពីដំណើរការ និងបញ្ហា សេដ្ឋកិច្ចទាំងមូល ដូចជា ការរីកលូតលាស់សេដ្ឋកិច្ចអតិផរណា ភាពគ្មានការងារធ្វើ និង បំរែបំរួល នៃសេដ្ឋកិច្ច ។
ចំណុចដែលទទួលការចាប់អារម្មណ៍នៅក្នុងសេដ្ឋកិច្ចមាន៖ ការបែងចែកធនធានកំរ៉ ផលិតកម្ម ការចាត់ចែង ពាណិជ្ជកម្ម និងការប្រកួតប្រជែង។ មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចត្រូវបានយកទៅប្រើប្រាស់កាន់តែច្រើនឡើង ដើម្បីដោះស្រាយបញ្ហាទាំងឡាយ ដែលទាក់ទងទៅនឹងជម្រើសនៅក្រោមភាពកំរ៉ ឬការកំណត់តម្លៃសេដ្ឋកិច្ចនៅកម្ពុជា៕