លោក យិន លាងគង់៖ ការអានច្រើននឹងធ្វើឱ្យគុណតម្លៃជីវិតរបស់អ្នកមានភាពប្រសើរឡើង

ដោយ ម៉ាលីនណា

ភ្នំពេញៈ ចាប់ផ្តើមអានសៀវភៅភ្លាម សម្រាប់ភាគច្រើន ពួកគេមានអារម្មណ៍ងងុយគេង ដោយសារពួកគេមិនផ្តោតចិត្ត និងមិនយល់ពីតម្លៃ និងសារៈសំខាន់នៃការអានថា វាមានគុណតម្លៃសំរាប់ជីវិតបែបណាទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក យិន លាងគង់ ដែលជាសហស្ថាបនិកនិងជាអគ្គនាយកនៃគេហទំព័រPropertyarea.asia និងគេហទំព័រCambodiafinancialtimes.com និងFacebook Page នៃគេហទំព័រទាំងពីរ បានស្រលាញ់់ការអាន និងការតែងនិពន្ឋ ដោយសារលោកយល់ថា “គុណតម្លៃនៃជីវិត គឺការផ្តល់និងចែករំលែកចំណេះដឹង ដល់ប្រជាពលរដ្ឋរួមជំនាន់ និងជំនាន់ក្រោយ”។

ជាមួយគ្នានេះកាលពីចុងសប្តាហ៍មុនលោកបានចុះកិច្ចព្រមព្រៀងសហការលក់សៀវភៅមួយចំនួនជាមួយលោកអ៊ូគឹមសេងសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD និងបណ្ណាល័យ អេឡិចត្រូនិក KUMNIT APP ។

ការចុះកិច្ចព្រមព្រៀងនេះ បានធ្វើឡើងកាលពីចុងសប្តាហ៍មុន ដោយលោកយិន លាងគង់ ដែលជាសហគ្រិនខ្មែរដ៏ល្បីមួយរូប បានសម្រេចយកស្នាដៃរបស់លោកមួយចំនួន ដើម្បីដាក់លក់ក្នុងបណ្ណាល័យអេឡិកត្រូនិក KUMNIT APP។

លោកយិន លាងគង់ដែលបានប្រឡូកក្នុងអាជីពសារព៌តមាន ជាង២០ឆ្នាំកន្លងមកនេះ មិនត្រឹមតែជាអ្នកនិពន្ឋផ្នែកសារព៌តមាននោះទេ ប៉ុន្តែលោកជាអ្នកនិពន្ឋមួយរូបផងដែរ ដោយលោកធ្លាប់និពន្ឋប្រលោកលោករឿង “ថ្ងៃរះពីទិសខាងលិច” ជាប់លេខ៤ទូទាំងប្រទេស ក្នុងពានរង្វាន់៧មករា លោកនិពន្ឋល្ខោននិយាយ” រឿងរកាខ្នុរ​ចំណោទស្នេហ៍” រឿង “អូនជាស្រមោលបង”ដែលបានចាក់ផ្សាយក្នុងវិទ្យុFM99Mzh វិទ្យុជាតិកម្ពុជា។

ថ្មីៗនេះ លោកបាននិពន្ឋប្រលោមលោករឿង “ដួងច័ន្ឌ តារា”ដែលជាប្រលោម​លោ​កនិយាយអំពីប្រវត្តិសាស្រ្តកម្ពុជា ឡាវ និងប្រលោមលោករឿង “អារម្មណ៍”ផងដែរ។

លោកក៏បាននិពន្ឋសៀវភៅចំណេះដឹងទូទៅ ដូចជា ២៧ចំណុចគួរពិចារណាមុនចូលខ្លោងទ្វារអាពាហ៍ពិពាហ៍ “សិល្បៈសម្របខ្លួនចូលគ្រួសារថ្មី ក្រោយអាពាហ៍ពិពាហ៍” សិល្បៈកសាងភាពសុខដុមក្រោមអាពាហ៍ពិពាហ៍” ប៉ុន្តែសៀវភៅទាំងនេះលោកមិនបានដាក់ឈ្មោះរបស់លោកជាអ្នកនិពន្ឋទេ ប៉ុន្តែលោកបានប្រើឈ្មោះច្រាយ ចំណានដែលជាឈ្មោះហៅក្រៅរបស់លោក។

លោកយិន លាងគង់បានថ្លែងថា “សារៈប្រយោជន៍នៃការអានសៀវវភៅ និងការសិក្សាពីមនុស្សជុំវិញខ្លួន ពិតធ្វើឲ្យជីវិតរបស់អ្នកមានមានគុណវុឌ្ឍិ និងស៊ីវិល័យ ដោយ​សារអ្នក បានរួមចំណែកយ៉ាងច្រើនដើម្បីជួយខ្លួនឯង និងសង្គម”។លោកបន្តថា “មនុស្សជោគជ័យ និងមានគុណតម្លៃជីវិតពិតប្រាកដ គឺជាអ្នកអានច្រើន ស្រាវជ្រាវច្រើន ចែករំលែកដល់សង្គមច្រើន មិនមែនមានលុយច្រើនតែម្យ៉ាងនោះទេ”។

លោកបន្តថា “ហេតុនេះការអានច្រើន ស្តាប់ច្រើន សង្កេតច្រើន និងសិក្សាពីបរិស្ថានជំវិញខ្លួន នឹងធ្វើឲ្យអ្នកមានមូលដ្ឋានពិចារណាគ្រប់ជ្រុងជ្រោយ ធ្វើឲ្យអ្នកអាចឈានឡើ​ងនិងលេចមុខក្នុងសង្គម និងអាចមានឳកាសច្រើនចែករំលែកចំណេះដឹង បទពិសោធន៍ទៅអ្នកជំនាន់ក្រោយរបស់អ្នក។

តើពេញចិត្តនឹងជីវិតមានគុណតម្លៃ និងភាពស៊ីវិល័យឬទេ សូមចាប់់ផ្តើមអាន ស្រ​លាញ់ការអាន និងស្តាប់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ជាជាងយកពេលវេលាទៅអង្គុយនិយាយពីអ្នកណាម្នាក់ ដែលអ្នកមិនចូលចិត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here