ដោយៈ សាវុធ
ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានថ្លែងថា វិនិយោគិនជាច្រើនពីប្រទេសកូរ៉ខាងត្បូង នឹងមកវិនិយោគនៅកម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូងត្រូវបានអនុវត្តនាពេលខាង ខណៈទំនាក់ទំនងពាណិជ្ជកម្មវាងប្រទេសពីរកំពុងមានភាពល្អប្រសើរ។
លោកឧកញ៉ាបានថ្លែងប្រាប់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា និងកូរ៉េខាងត្បូងនៅតែល្អប្រសើរ ព្រោះការនាំចេញ និងការនាំចូលនៅតែមានកំណើន ហើយនាពេលឆាប់ៗខាងមុខនេះ ឈានទៅដល់ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹងអាចទាក់ទាញវិនិយោគិនអន្តរជាតិជាច្រើន បន្ថែម មកកាន់កម្ពុជា។
លោកបន្តថា “ខ្ញុំជឿថាកម្ពុជានឹងមានការវិនិយោគពីកូរ៉េក៏ច្រើន ពីបណ្តាប្រទេសអាស៊ាន និងប្រទេសផ្សេងៗក៏ច្រើនផងដែរ ព្រោះគាត់ (វិនិយោគិន) ត្រូវការនាំចេញទៅកូរ៉េ”។
លោកឧកញ៉ា បានថ្លែងបន្តថា និយាយរួម ក្រុមហ៊ុន នៅក្នុងតំបន់អាស៊ាន និងក្រុមហ៊ុនពីប្រទេសផ្សេងៗ ដែលផលិតនាំចេញទៅកូរ៉េ នឹងអាចមកវិនិយោគនៅកម្ពុជា ដើម្បីនាំចេញកូរ៉េ ដោយរួចពន្ធ។ ហើយក្រុមហ៊ុនទាំងនោះ ក៏អាចវិនិយោគនៅកម្ពុជា ដើម្បីនាំចេញទៅចិន ដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដោយមានការរួចពន្ធផងដែរ។ នេះបង្ហាញថា ការវិនិយោគនៅកម្ពុជានឹងមានកំណើននាថ្ងៃអនាគត។
លោកឧកញ៉ាបានថ្លែងថា នាពេលអនាគត នឹងមានការកើនឡើងលើផ្នែកពាណិជ្ជកម្ម ហើយវាត្រឹមផ្នែកពាណិជ្ជកម្មទេ ប៉ុន្តែវិស័យនយោបាយក៏នឹងមានភាពកាន់តែល្អប្រសើរផងដែរ។
យោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងនេះអាចនឹងត្រូវធ្វើឡើងនៅឆ្នាំក្រោយ។
លោកស៊ាង ថៃអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ការលើកលែងពន្ធ និងរបាំងពាណិជ្ជកម្មដទៃទៀត នឹងត្រូវបានកាត់បន្ថយ ហើយពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូងត្រូវបានរំពឹងថានឹងកើនឡើងខ្ពស់។
យោងតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ បានឱ្យដឹងថា ចាប់ពីខែមករាដល់ខែមិថុនា ពាណិជ្ជកម្មទ្វេភាគីមានតម្លៃ៤៥១លានដុល្លារអាមេរិក កើនឡើង៦,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕