ចំណេះដឹងហិរញ្ញវត្ថុៈកំហុសធំបំផុតរបស់មនុស្សគឺយល់ច្រលំបំណុលថាជាទ្រព្យ

ដោយៈ លក្ខិណា

ភ្នំពេញៈ មានមនុស្សជាច្រើននៅលើពិភពលោក តែងយល់ច្រលំលើបំណុលដោយគិតថាទ្រព្យ ដែលធ្វើឱ្យគ្រប់គ្រងហិរញ្ញវត្ថុ មិនមានប្រសិទ្ធភាពក្នុងនោះដែរ ប្រជាជនកម្ពុជាច្រើន ក៏បានយល់ច្រលំពីបញ្ហានេះដែរ។
ថ្ងៃនេះយើងសូមលើកយកនូវគតិ របស់អ្នកជំនាញហិរញ្ញវត្ថុម្នាក់ពីបំណុល និងទ្រព្យ។

លោកង៉ែត ជូអ្នកជំនាញនៃវិស័យហិរញ្ញវត្ថុ និងអចលនវត្ថុកម្ពុជាមួយរូបបានលើកឡើងថា ជាទូទៅមានមនុស្សមិនតិចទេ បានយល់ច្រលំបំណុលថាជាទ្រព្យ ដោយពួកគេបានទិញឡាន ក្នុងតម្លៃមួយខ្ពស់មកប្រើប្រាស់ ឬទុកជិះម្ដងម្កាលដោយគិតថាជាទ្រព្យ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកនិយាយថា “ក្នុងន័យហិរញ្ញវត្ថុ វត្ថុឬរបស់ទាំងឡាយណា ដែលមិនបានបង្កើនប្រាក់ចំណូលឱ្យយើងគេមិនហៅថាទ្រព្យទេ”។ លោកបន្តថា “របស់ជាច្រើនដែលទិញមកទុក ដូចជាគ្រឿងអេឡិចត្រូនិក ឡាន ម៉ូតូវាមិនមែនជាទ្រព្យ។ ជាក់ស្ដែងឡាន ពេលយើងទិញមកតម្លៃ១០ម៉ឺនដុល្លារ តែពេលលក់ទៅវិញវាមិនបាន១០ម៉ឺនដុល្លារនោះទេ ដូច្នេះហើយវាត្រូវបានចាត់ទុកថាជាបំណុល”។

លោកង៉ែត ជូបានបន្តទៀតថា បច្ចុប្បន្ននេះ ក៏មានអ្នកយល់ច្រលំជាច្រើនផងដែរទៅលើផ្ទះថាជាទ្រព្យ ។ កាលពី៥ទៅ១០ឆ្នាំមុន ការទិញផ្ទះទុកលក់ចំនេញ គឺជារឿងត្រឹមត្រូវនិងចំណេញមែន ប៉ុន្តែមកដល់ពេលនេះ បើអ្នកទិញផ្ទះដោយបង់រំលស់ជាមួយធនាគារឬជាមួយម្ចាស់គម្រោង ពេលខ្លះអ្នកមិនត្រឹមតែមិនចំណេញទេ តែវាថែមទាំងមិនបានរួចថ្លៃការប្រាក់ ដែលអ្នកបង់យ៉ាងច្រើនទៅធនាគារ ឬម្ចាសគម្រោងនោះឡើយ ។

អ្នកជំនាញហិរញ្ញវត្ថុរូបនេះ បានផ្ដល់ជាទស្សនថា ការខិតខំប្រឹងប្រែងធ្វើការ ដើម្បីសល់ទ្រព្យ គួរតែរកទ្រព្យណាឬរបស់ណា ដែលអាចបង្កើតទ្រព្យបន្តទៀត កុំយកទ្រព្យណា ដែលធ្វើឱ្យយើងចំណាយលើវាបន្តទៀត ឬធ្វើឱ្យយើងខាងបង់ជាបន្តបន្ទាប់ ។

នៅក្នុងប្រទេសកម្ពុជា ចំណេះដឹងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ ហាក់នៅមានកម្រិត ដែលជំនាញនេះ គួរតែត្រូវបណ្ដុះបណ្ដាលអប់រំ តាំងពីកុមារភាពមកម្ល៉េះ ។ បច្ចុប្បន្ននេះ ក៏មានសាលាបណ្ដុះបណ្ដាលមួយចំនួន បានចាប់ផ្ដើមយកកម្មវិធីសិក្សា ផ្នែកហិរញ្ញវត្ថុពីប្រទេសរីកចម្រើន មកបណ្ដុះបណ្ដាលសិស្សរបស់ខ្លួន ដើម្បីជាទុនសម្រាប់នៅពេលពួកគេធំឡើយ ដែលអាចវិនិយោគផង ឬយ៉ាងហោចណាស់ក៏អាចបែងចែក និងគ្រប់គ្រងហិរញ្ញវត្ថុបានល្អប្រសើរដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here