ដោយៈ សាវុធ
ភ្នំពេញៈ ផ្សារឯកជន ដែលមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ-បរិស្ថាន ក្នុងមូលដ្ឋានរាជធានីភ្នំពេញ នឹងអាចបើកដំណើរឡើងវិញបានហើយ ចាប់ពីថ្ងៃស្អែកទី២៥ ខែមិថុនា ឆ្នាំ២០២១តទៅ។ នេះបើតាមសេចក្ដីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចស្ដីពីការបើកដំណើរការឡើងវិញចំពោះផ្សារឯកជន ដែលមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ-បរិស្ថាន ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃស្អែកទី២៥ ខែមិថុនា ឆ្នាំ២០២១តទៅ។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា “ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការផ្សារឯកជន ដែលមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ-បរិស្ថាន ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១តទៅ លើកលែងតែផ្សារមិនរៀបរយ មិនត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើយ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ ក្នុងសហគមន៍”។
បើទោះបីអនុញ្ញាតឲ្យបើកដំណើរឡើងវិញក៏ពិតមែន ប៉ុន្ដែរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់ម្ចាស់ផ្សារ ឬគណៈគ្រប់គ្រងផ្សារឯកជនទាំងអស់ ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការសុខាភិបាលឲ្យបានម៉ង់ម៉ាត់ជាទីបំផុត ដូចជារក្សាគម្លាត ពាក់ម៉ាស់ កំណត់ចំនួនអតិថិជនចេញ-ចូលផ្សារ ជៀសវាងការប្រជ្រៀតគ្នា ឬប្រមូលផ្ដុំមនុស្សច្រើន, ចាត់ឲ្យមានអ្នកវាស់កម្ដៅ និងស្គេន QR Code ជាដើម៕







