រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មៈ ក្រសួងនឹងធ្វើវិសោធនកម្មច្បាប់ពាណិជ្ជកម្មដើម្បីធានាការពារអត្ថប្រយោជន៍វិស័យជននិងសាធារណៈ

ដោឧត្តម

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម កំពុងរៀបចំលិខិតបទដ្ឋានគតិយុត្ត និងពិនិត្យលើការធ្វើវិសោធនកម្មច្បាប់មួយចំនួន ដើម្បីបម្រើនិងធានាការពារអត្ថប្រយោជន៍វិស័យជន និងសាធារណៈ ជាពិសេសធ្វើទំនើបកម្មឱ្យឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្នភាពនៃការរីកចំរើនលើវិស័យពាណិជ្ជកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម នៅក្នុងពិធីផ្លាស់ប្តូរតំណែងប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះបញ្ជាក់ថា ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងពិនិត្យលើការធ្វើវិសោធនកម្មច្បាប់មួយចំនួននេះ ក្នុងគោលបំណងទប់ស្កាត់ ការលក់មិនស្មោះត្រង់ និងបង្ហោះពាក្យពេចន៍ រូបភាព មិនប្រកបតាមក្រមសលធម៌ជាដើម។

លោករដ្ឋមន្ត្រីបន្តថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា២០១៩-២០២៣ ជាផែនទីបង្ហាញផ្លូវមានភាពស៊ីសង្វាក់គ្នា និងប្រទាក់ក្រឡាជាមួយយុទ្ធសាស្រ្តចតុកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម២០១៥-២០២៥ និងគោលនយោបាយជាតិមួយចំនួនទៀត ហើយនៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) ២០១៩-២០២៣

លោករដ្ឋមន្ត្រីបន្ថែមថា ជាមួយគ្នានេះក៏មានការសិក្សាលម្អិតលើវិស័យស្ដីពី ឧស្សាហកម្មធុនស្រាលសម្រាប់ពង្រីក និងធ្វើពិពិធកម្មសម្រាប់ការនាំចេញ ដែលក្នុងការសិក្សានេះ ក៏បានផ្ដោតផងដែរលើការពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យម ក្នុងការតភ្ជាប់ Backward Linkage ជាមួយនឹងឧស្សាហកម្មធំៗ ដូចជាវិស័យកាត់ដេរជាដើម។

លោករដ្ឋមន្ត្រីបញ្ជាក់ពីភាពជោគជ័យ ក្នុងការបញ្ចប់កិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលអាចនឹងត្រូវចុះហត្ថលេខានាពេលខាងមុខដ៏ខ្លី ដោយលោកហៅកិច្ចព្រមព្រៀងនេះ នឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់កម្ពុជា ឱ្យទទួលបានផលចំណេញពីការអនុគ្រោះពន្ធ ក្នុងការនាំទំនិញចេញទៅប្រទេសចិន មានន័យថានៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន ទំនិញជាច្រើនមុខ នឹងត្រូវទម្លាក់ពន្ធនាំចូលដោយស្វ័យប្រវត្តិ។

លោករដ្ឋមន្ត្រីប៉ាន សូរស័ក្តិបានបន្ថែមថា ក្រៅពីចិន និងកូរ៉េខាងត្បូង កម្ពុជាក៏គ្រោង នឹងធ្វើការចរចាយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសផ្សេងៗទៀត តួយ៉ាងប្រទេសអង់គ្លេស អាមេរិក ជប៉ុន ម៉ុងហ្គោលី ឥណ្ឌា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU) ដែលមានសមាជិកចំនួន៥ គឺប្រទេសអាមេនី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងសហព័ន្ធរុស្ស៉ីផងដែរ។  ក្រៅពីនោះក្រសួងពាណិជ្ជកម្ម ក៏បានបង្កើតក្រុមការងារ ដើម្បីរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាជាមួយប្រទេសគោលដៅទាំងអស់នេះ រួចរាល់អស់ហើយដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here