តើម្ចាស់អាជីវកម្មនានាគួរដោះស្រាយបញ្ហារបស់ខ្លូនបែបណានៅក្នុងវិបត្តិកូវីដ១៩?

ដោយៈលក្ខិណា

ភ្នំពេញៈ នៅក្នុងវិបត្តិនៃជំងឺកូវីដ១៩នេះ បណ្ដាសហគ្រាសអាជីវកម្មជាច្រើន បានជួបនឹងបញ្ហាហិរញ្ញវត្ថុ ដោយមានខ្លះកាត់បន្ថយបុគ្គលិក ខ្លះកាត់ប្រាក់ខែបុគ្គលិកនិងអាជីវកម្មខ្លះទៀតបិទទ្វារផ្អាកដំណើរការតែម្ដង។

សម្រាប់ក្រុមហ៊ុនឬអាជីវកម្ម ដែលមានដំណើរការមកដល់ពេលនេះ គួររក្សាដំនើរការដែលមានប៉ុនណា នៅដដែលមិនគួរពង្រីកខ្លួននោះទេ បើមិនចង់ខាតបង់កាន់តែច្រើន ។ តែបើសិនជាមានបញ្ហាធ្ងន់ ក៏មានដំណោះ ស្រាយសម្រាប់ទប់ស្កាត់ការបាត់បង់ថវិកាដើមទុនកាន់តែច្រើនផងដែរ។

លោកឧកញ៉ា យ៉ន សេងហាននាយកប្រតិបត្តិនៃក្រុមហ៊ុនសេងហាន បានឱ្យដឹងថា នៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ បើសិនជាក្រុមហ៊ុនណាមួយមិនមានផលប៉ះពាល់ខ្លាំង ឬមិនប៉ះពាល់ទេនោះ គួរបន្តធ្វើសកម្មភាពអាជីវកម្មដដែល តែកុំពង្រីកបានន័យថាបន្តសកម្មភាពអាជីវកម្ម “ឱ្យរស់សិន” និងឆ្លងឱ្យផុតនូវវិបត្តិនៃជំងឺកូវីដ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “កាលមុនកូវីដ១៩ ធ្លាប់តែចំណេញច្រើនហើយ មកដល់កូវីដ១៩បានចំណេញត្រឹម១០ ឬអាចថាត្រឹមរួចខ្លួនក៏គួរតែទទួលយកទៅ មិនចាំបាច់លោភលន់ ចង់ពង្រីកអាជីវកម្មបន្ថែមទៀតនោះទេ”។

លោកយ៉ន សេងហានបានបន្តថា បើសិនជាអាជីវកម្មរបស់យើងទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរ យើងអាចមានដំណោះស្រាយមួយ គឺបង្រួមសាខាពីច្រើនមកតិច ហើយបើសិនជាមិនអាចបង្រួមសាខាបាន គឺអាចបង្រួមបុគ្គលិក និងកាត់បន្ថយបុគ្គលិកណាដែលមិនចាំបាច់ និងទុកតែបុគ្គលិកដែលចាំបាច់ក្នុងអាជីវកម្ម ។មួយវិញទៀតបើសិនជាម្ចាស់ក្រុមហ៊ុនឬអាជីវកម្ម មិនចង់កាត់បន្ថយបុគ្គលិករបស់ខ្លួនទេ គឺអាចបម្លែងអាជីវកម្មដែលប៉ះពាល់នោះ ទៅរកអាជីវកម្មផ្សេង ដែលមិនប៉ះពាល់ពីកូវីដ១៩ ដើម្បីរកចំណូលមកទប់អាជីវកម្មចាស់។

លោកបញ្ជាក់ថា បើសិនជាអាជីវកម្មនោះ បានកាត់បន្ថយបុគ្គលិក និងធ្វើអស់វិធីហើយនោះ នៅតែទប់មិនជាប់ មិនអាចឱ្យនៅដំណើរការបាន វិធីដែលពិបាកបំផុតសម្រា​ប់និយោជកគឺបិទអាជីវកម្មតែម្ដង ហើយដូចបានឃើញស្រាប់ហើយ ក្រុមហ៊ុនធំៗជាច្រើននៅលើពិភពលោក បានបិទអាជីវកម្មជាបន្តបន្ទាប់ នៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសអាជីវកម្មនៅក្នុងវិស័យទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here