ដោយ: ម៉ាណេត
ភ្នំពេញៈ កម្ពុជានាំចូលគ្រឿងឧបភោគ បរិភោគវេចខ្ចប់ ភេសជ្ជៈ និងផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃសរុបជា ទឹកប្រាក់សរុបប្រមាណជាង៣៨១លានដុល្លារអាម៉េរិក ក្នុងនោះផលិតផលចំណីរអាហារវេចខ្ចប់ មានចំនួនច្រើនជាងគេក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្មីៗនេះ។
របាយការណ៍បានឱ្យដឹងថា ក្នុងរយៈពេលត្រីមាសទី១ ដើមឆ្នាំ២០២១នេះ ការនាំចូលផលិតផលសម្រាប់ផ្គង់ផ្គង់ការហូបចុកប្រចាំថ្ងៃ រួមមានចំណីអាហារវេចខ្ចប់មានតម្លៃជាទឹកប្រាក់ជាង១៣១លានដុល្លារ ប្រេងឆាជាង៥លានដុល្លារ ស្ករជាង១២លានដុល្លារ ភេសជ្ជៈជាង៧៩លានដុល្លារ ថ្នាំពេទ្យនិងសេរ៉ូមជាង៩០លានដុល្លារ បារីជិត៥៩លានដុល្លារ ស្រានិងស្រាបៀរជាង៤លានដុល្លារ។
ប្រធានសមាគមពាណិជ្ជកម្មថៃ ប្រចាំប្រទេសកម្ពុជាលោកស្រី ជិរិណាន់វង្សមង្គល បានលើកឡើងថា ក្នុងរយៈពេលខាងលើនេះ ការនាំចូលផលិតផលសរុបពីប្រទេសថៃ មកកម្ពុជា គិតជាទឹកប្រាក់បានធ្លាក់ចុះជិត១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។
លោកស្រីបានថ្លែងបន្តថា ចំណែកការនាំចូលផលិតផល សម្រាប់ការផ្គង់ផ្គង់ការហូបចុកប្រចាំថ្ងៃ រួមមានភេសជ្ជៈ និងទំនិញវេចខ្ចប់ផ្សេងៗ គឺមិនមានកាប្រែប្រួលទេ ប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២០។
គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចូលផលិតផលសំខាន់ៗ សរុបមានទំហំទឹកប្រាក់ជាង៧៥០០លានដុល្លារ ក្នុងនោះការនាំចូលមាសមានតម្លៃជាទឹកប្រាក់ជាង២៤០០លានដុល្លារ ខណៈឆ្នាំ២០២០ ការនាំចូលមានត្រឹមជាង៨០០លានដុល្លារ។ ក្រៅពីនេះ ការនាំចូលផលិតមួយចំនួនទៀត ដូចជាការនាំចូលក្រណាត់ សង្ហាររឹម រថយន្ត និងប្រេងឥន្ធនៈ គឺមានលក្ខណៈប្រហាក់ប្រហែល នៃការនាំចូលក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២០៕