អ្នកចូលរួមអមដំណើរសម្ដេចតេជោទៅប្រជុំកំពូងអាស៊ាននៅឥណ្ឌូនេស៊ី ត្រូវធ្វើតេស្តរកកូវីដ១៩ពេលត្រលប់មកវិញ

          ដោយៈ លក្ខិណា

ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងអញ្ជើញធ្វើដំណើរ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី២៤ ខែមេសា ២០២១នេះ នៅប្រទេសឥណ្ឌូនេស៊ី ហើយដោយសារតែស្ថានភាពកូវីដ១៩ នៅតែបន្តរាលដាលទាំងក្នុងប្រទេសនិងក្នុងតំបន់ អ្នកចូលរួមអមដំណើរជាមួយសម្ដេច នឹងត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ពេលត្រលប់មកប្រទេសកម្ពុជាវិញ។

យោងតាមប្រសាសន៍សម្ដេចតេជោ បានថ្លែងទៅកាន់មន្ត្រីថ្នាក់ដឹកនាំទាំងអស់នាព្រឹកថ្ងៃទី២០ មេសានេះបានឱ្យដឹងថា ដោយសារតែបញ្ហាកូវីដ១៩ ក៏ដូចជាកម្ពុជាកំពុងបិទទីក្រុងភ្នំពេញផង ការចេញដំណើររបស់សម្ដេចទៅក្រៅប្រទេសលើកនេះ ពុំចាំបាច់ជូនដំណើរពីថ្នាក់ដឹកនាំដូចមុននោះទេ ពោលគឺសម្ដេចធ្វើដំណើរទៅកាន់ព្រលានយន្តហោះ ចុះពីលើរថយន្តនឹងឡើងយន្តហោះចេញដំណើរតែម្ដង ហើយពេលត្រលប់មកវិញ សម្ដេចក៏នឹងត្រូវធ្វើចត្តាឡីស័ក និងតម្រូវឱ្យមន្ត្រីចូលរួមអមដំណើរ ក៏ត្រូវធ្វើតេស្តរកកូវីដ១៩ និងធ្វើចត្តាឡីស័កផងដែរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចមានប្រសាសន៍ផងដែរ “ពេលសម្ដេចត្រលប់មកវិញ ក៏មិនត្រូវឱ្យមានអ្នករង់ចាំទទួលដំណើរសម្ដេចដែរ និងមិនមានការធ្វើសន្និសីទសារព័ត៌មាន ដោយលោកកៅ គឹមហួនដូចមុនឡើយ គឺប្តូរមកធ្វើយកសំណាកទៅវិញ”។សម្តេចបន្តថា “អ្នកសារព័ត៌​មានដែលចូលរួមយកព័ត៌មាន ក៏ត្រូវនៅឱ្យឆ្ងាយពីប្រតិភូផងដែរ ដើម្បីជៀសវាងការធ្វើចត្តាឡីស័ក ដោយសារតែពាក់ព័ន្ធនឹងមន្ត្រីអមដំណើរ”។

ស្ថានភាពកូវីដ១៩នៅក្នុងប្រទេសកម្ពុជា កំពុងតែរាលដាលខ្លាំង ដែលឈានទៅដល់ការបិទខ្ទប់ទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្ដាល ដោយសារតែរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កម្ពុជារកឃើញអ្នកឆ្លងថ្មីរាប់រយនាក់ និងមានតួលេខខ្ពស់មិនធ្លាប់មាន។

ដោយឡែកប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានអ្នកឆ្លងជំងឺកូវីដ១៩ច្រើនជាងគេផងដែរក្នុងតំបន់អាស៊ាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here