ADB បន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចអាស៊ីមកនៅត្រឹម៤,៣ភាគរយ

ដោយ: លាងហួរ

អាស៊ី: ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ទាបការព្យាករណ៍របស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចក្នុងប្រទេសកំពុងអភិវឌ្ឍន៍អាស៊ី និងប៉ាស៊ីហ្វិកមកត្រឹម៤,៣ភាគរយនៅឆ្នាំនេះ ចំពេលមានបញ្ហាប្រឈមដែលកំពុងកើនឡើងនៅក្នុងតំបន់។

ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីឆ្នាំ២០២២ ដែលបានធ្វើបច្ចុប្បន្នភាព បានព្យាករណ៍ថា សេដ្ឋកិច្ចក្នុងតំបន់នឹងកើនឡើង៤,៩ភាគរយនៅឆ្នាំ២០២៣។

របាយការណ៍នេះបានបង្ហាញថា ការចំណាយរបស់អ្នកប្រើប្រាស់ក្នុងស្រុក និងការវិនិយោគកំពុងជំរុញឱ្យមានកំណើន  ខណៈដែលសេដ្ឋកិច្ចក្នុងតំបន់បន្តងើបឡើងវិញ ពីជំងឺរាតត្បាត ដោយសារផ្នែកមួយជំរុញឱ្យមានការទទួលវ៉ាក់សាំង និងការថយចុះចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យ៉ាងណាក្តី សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលបន្តកើតមាន បានបង្កើនភាពមិនប្រាកដប្រជាជាសកល ការរំខានការផ្គត់ផ្គង់ និងទីផ្សារថាមពល និងបញ្ហាស្បៀងអាហារ ដែលមិនបានដោះស្រាយ។ ការរឹតបន្តឹងរូបិយវត្ថុកាន់តែខ្លាំងក្លា ដោយធនាគារកណ្តាលអាមេរិក និងធនាគារកណ្តាលអ៊ឺរ៉ុប កំពុងធ្វើឱ្យប៉ះពាល់តម្រូវការពិភពលោក និងទីផ្សារហិរញ្ញវត្ថុ ដែលកំពុងមានភាពតានតឹង។

លោក Albert Park ប្រធានសេដ្ឋវិទូរបស់ធនាគារ ADB បានជំរុញឱ្យរដ្ឋបាលក្នុងតំបន់អាស៊ីកំពុងអភិវឌ្ឍ បន្តការប្រុងប្រយ័ត្នចំពោះហានិភ័យទាំងនេះ និងចាត់វិធានការចាំបាច់ ដើម្បីទប់ស្កាត់អតិផរណា។

ADB ក៏បានបង្កើនការព្យាកររបស់ខ្លួន សម្រាប់អតិផរណាក្នុងតំបន់អាស៊ី ដែលកំពុងអភិវឌ្ឍនៅឆ្នាំនេះ ដល់៤,៥ភាគរយពីការព្យាករមុន ចំនួន៣,៧ភាគរយ។ ការព្យាករណ៍សម្រាប់ឆ្នាំក្រោយ គឺ៤ភាគរយ កើនឡើងពី៣,១ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here