រដ្ឋាភិបាលកម្ពុជាខិតខំពង្រឹងការអភិវឌ្ឍថាមពលកកើតឡើងវិញ

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ក្នុងឆ្នាំ ២០២១ កន្លងមកនេះ ថាមពល ដែលបានមកពីប្រភពថាមពល កកើតឡើងវិញ រួមមានវារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាស់បានកើនឡើងទៅដល់៤០% នៃថាមព​លសរុបរបស់កម្ពុជា។

ម្យ៉ាងទៀត បើពិនិត្យមើលតាមទំហំអានុភាព នៃប្រភពថាមពល របស់កម្ពុជា ចំណែកអានុភាពនៃប្រភពថាមពលកកើតឡើងវិញ គឺមានរហូតដល់ ៥៥% នៃអានុភាពតម្លើងសរុប។ នេះជាប្រសាសន៍លើកឡើង របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ ក្នុងឱកាសបើកកិច្ចប្រជុំ រដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ កិច្ចប្រជុំពាក់ព័ន្ធ នាថ្ងៃព្រហស្បតិ៍ទី១៥ ខែ កញ្ញា ឆ្នាំ ២០២២។

ជាមួយគ្នានេះ សម្តេតេជោហ៊ុន សែន បានលើកឡើងបន្ថែមថា សម្រា​ប់ទិសដៅទៅមុខ កម្ពុជានឹងបន្តជំរុញការយកចិត្តទុកដាក់ លើការអភិវឌ្ឍប្រសិទ្ធភាព ថាមពល និងថាមពលកកើតឡើងវិញ ឱ្យបានអតិបរមា និងជាបន្តបន្ទាប់ ទៅតាមលទ្ធភាពទទួល បានរបស់ប្រព័ន្ធផ្គត់ផ្គង់ថាមពលកម្ពុជា ជាមួយនឹងការកាត់បន្ថយ ការអភិវឌ្ឍគម្រោងប្រភពថាមពល ដែលប្រើប្រា​ស់ឥន្ធនៈហ្វូស៊ីល ដែលមានធ្យូងថ្ម និងប្រេង ជាដើម ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដើម្បីសម្រេចទិសដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍នានា ក្នុងការសិក្សា និងរៀបចំផែនការមេអភិវឌ្ឍន៍ វិស័យថាមពលកម្ពុជា រហូតដល់ឆ្នាំ២០៤០ គោលនយោបាយជាតិស្ដីពីប្រសិទ្ធភាពថាមពល ផែនទីបង្ហាញផ្លូវស្តីពី​ ការអភិវឌ្ឍអន្តរកាលថាមពលស្អាត ឆ្ពោះទៅអព្យាក្រឹត្យភាពកាបូន និងគោលនយោបាយអភិវឌ្ឍន៍ ថាម​ពលពន្លឺព្រះអាទិត្យ លើដំបូលនៅកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា នៅខែកុម្ភះ ឆ្នាំ២០២២ កន្លងទៅនេះ បានដាក់ចេញយុទ្ធសាស្រ្ត អភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន LTS4CN ដែលរំពឹងថានឹងសម្រេចបាន​ ការងារអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន«LTS4CN» នេះ គឺជាសក្ខីភាពបញ្ជាក់នូវការប្តេជ្ញាចិត្ត របស់កម្ពុជា ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ និងបង្ហា​ញនូវសេណារីយ៉ូ គោលនយោបាយ ដើម្បីធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យ នៃសង្គមមួយ​​ ប្រកបដោយអព្យាក្រឹតកាបូន និងមានភាពធន់ក្នុងរយៈពេល ៣០ឆ្នាំខាងមុខ។

យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន ត្រូវបានអនុម័ត និងដាក់ជូនលេខាធិការដ្ឋានអនុសញ្ញា ក្របខ័ណ្ឌសហប្រជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (UNFCCC) កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។

សម្រាប់ការផលិតថាមពល យុទ្ធសាស្រ្តនេះ​ បានធ្វើការបញ្ចូលការប្តេជ្ញាចិត្តថ្មីៗ របស់កម្ពុជាក្នុងការមិនសាងសង់ រោងចក្រថាមពលធ្យូងថ្មថ្មី និងគោលដៅថាមពលកកើតឡើងវិញ ៣៥% ក្នុងប្រភពថាមពលចម្រុះត្រឹមឆ្នំា ២០៥០។ ជាមួយគ្នានេះ យុទ្ធសាស្រ្តក៏បានដាក់គោលដៅកាត់បន្ថយការដុតសំណល់នៅទីវាលឱ្យបាន៨៥%ផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here