កម្ពុជារកឃើញទំនិញខូចគុណភាពជាង១៣០គីឡូក្រាមនៅក្នុងរាជធានីខេត្តចំនួន៧

ដោយ: សុធីតា

ភ្នំពេញ៖ មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្មបានបង្កើនការចុះត្រួតពិនិត្យទំនិញ និងគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទ នៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីសុវត្ថិភាពចំណីអាហារជូនដល់អ្នកបរិភោគ។

ទន្ទឹមនឹងនេះ គិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានរកឃើញទំនិញខូចគុណភាពប្រើប្រាស់ និងត្រូវបានដកហូតយកកម្ទេចចោលចំនួនប្រមាណ១៣០,៣៥គីឡូក្រាម។

បណ្តាញសង្គមហ្វេសប៊ុកអគ្គនាយកដ្ឋាន ក.ប.ប បានសសេរថា ទំនិញខូចគុណភាពប្រើប្រាស់ និងត្រូវបានដកហូតយកកម្ទេចចោលទាំងនេះ ត្រូវបានមន្រ្តីជំនាញ ក.ប.ប. ខេត្តកោះកុង ខេត្តសៀមរាប ខេត្តកំពង់ចាម រាជធានីភ្នំពេញ និងខេត្តរតនគិរី រកឃើញនៅតាមមូលដ្ឋានរបស់ខ្លួន និងបានណែនាំដល់អាជីវករត្រូវលក់ទំនិញដែលមានអនុលោមជូនអតិថិជនផងដែរ សំដៅធ្វើយ៉ាងណាឲ្យម្ហូបអាហារទាំងអស់មិនបង្ករគ្រោះថ្នាក់ដល់អ្នកបរិភោគ និងព្រះសង្ឃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប បានបញ្ជាក់ឲ្យដឹងថា មន្រ្តី ក.ប.ប រាជធានី-ខេត្ត តែងតែចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទ ដែលដាក់លក់នៅតាមទីផ្សារ និងទីតាំងអាជីវកម្មម្ហូបអាហារនៅគោលដៅផ្សេងៗគ្នា ដើម្បីធានាការពារនូវការចរាចរលក់នូវទំនិញដែលមិនមានអនុលោមភាព ជាទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ក៏ដូចជាការពារសិទ្ធិរបស់អ្នកប្រើប្រាស់ ជាដើម។

លោកឲ្យដឹងទៀតថា ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ បានរៀបចំសេចក្តីជូនដំណឹងបន្ថែមពីលើការចុះណែនាំ ដើម្បីឱ្យប្រតិបត្តិករអាជីវកម្មម្ហូបអាហារ មានភាពទទួលខុសត្រូវចំពោះគុណភាព ជំរុញឱ្យផលិតផលម្ហូបអាហារមានសុវត្ថិភាពនិងស្របតាមស្តង់ដារកំណត់ សំដៅធានាកម្រិតនៃការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងព្រះសង្ឃ ជាពិសេសរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោក ផាន អូន បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ដែលដឹងថាបងប្អូនអាជីវករណា ឬប្រជាពលរដ្ឋណា មានប្រើប្រាស់សារធាតុណាមួយមិនសមប្រកប ដែលធ្វើឱ្យមានការសង្ស័យ អាចដាក់ពាក្យបណ្ដឹងមកកាន់ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប បាន ដើម្បីរួមគ្នាទប់ស្កាត់ឱ្យបានទាន់ពេលវេលា ចំពោះអំពើណាមួយដែលផ្ទុយពីច្បាប់បានចែង ដែលធានាបានសុវត្ថិភាពអ្នកបរិភោគ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here