ទំហំពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាមេរិកកើនឡើង១០ភាគរយក្នុងរយៈពេល៨ខែដំបូង

ដោយ: លាងហួរ

ចិន: ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសចិន និងអាមេរិកបានកើនឡើង១០,១ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២២។

យោងតាមទិន្នន័យចេញផ្សាយ ដោយរដ្ឋបាលទូទៅនៃគយ បានបង្ហាញថា ទំហំពាណិជ្ជកម្មចិន-អាមេរិកបានកើនឡើង១០,១ភាគរយ ដល់៣,៣៥ពាន់ពាន់លានយ័ន (៤៨០ពាន់លានដុល្លារ) ក្នុងរយៈពេលប្រាំបីខែដំបូង។ ទំហំពាណិជ្ជកម្មចិន-អាមេរិកបានកើនឡើង១១,៨ភាគរយគិតជាប្រាក់យ័នក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំនេះ។

សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មធំជាងគេទីបីរបស់ប្រទេសចិន បន្ទាប់ពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរ៉ុប។

អត្រាកំណើននៃពាណិជ្ជកម្មចិន-អាមេរិក ស្មើនឹងពាណិជ្ជកម្មបរទេសសរុបរបស់ប្រទេសចិន ក្នុងរយៈពេល៨ខែដំបូង ដែលមានចំនួនសរុប២៧,៣ពាន់ពាន់លានយ័ន ហើយបានកើនឡើង១០,១ភាគរយក្នុងមួយឆ្នាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះ ការនាំចេញរបស់ចិន ទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង១២,៩ភាគរយ ដល់២,៥ពាន់ពាន់លានយ័ន ខណៈការនាំចូលកើនឡើង១,៦ភាគរយក្នុងមួយឆ្នាំ។

អតិរេកពាណិជ្ជកម្មរបស់ចិន ជាមួយអាមេរិក បានរួមតូចមកត្រឹម៣៦,៧៧ពាន់លានដុល្លារក្នុងខែសីហា ពី៤១,៥ពាន់លានដុល្លារក្នុងខែកក្កដា នេះបើយោងតាមការគណនារបស់ Reuters ដោយផ្អែកលើទិន្នន័យគយ។

សេដ្ឋវិទូដែលមានមូលដ្ឋាន នៅទីក្រុងប៉េកាំង បានប្រាប់ Global Times ថា ទោះបីជាអតិរេកបានរួមតូចក៏ដោយ  តម្រូវការរបស់អាមេរិកសម្រាប់ទំនិញចិននៅតែខ្លាំង ដែលជំរុញការនាំចេញពីប្រទេសចិន ទៅកាន់សហរដ្ឋអាមេរិក។

ទិន្នន័យពីការិយាល័យវិភាគសេដ្ឋកិច្ចអាមេរិក ក្រោមនាយកដ្ឋានពាណិជ្ជកម្ម ចេញផ្សាយថា ឱនភាពរបស់អាមេរិកជាមួយចិនមានចំនួន៣៤,៤ពាន់លានដុល្លារក្នុងខែកក្កដា ដោយរួមតូចពី៣៦,៩ពាន់លានដុល្លារក្នុងខែមិថុនា៕

LEAVE A REPLY

Please enter your comment!
Please enter your name here