មន្ត្រីជាន់ខ្ពស់ៈ កំណើនសេដ្ឋកិច្ចសកលបន្តប្រឈមភាពមិនប្រាកដប្រជាខ្ពស់ ដោយសារការអូសបន្លាយនៃជំងឺកូវីដ១៩

ដោយ៖ សុធីតា

ភ្នំពេញៈ កំណើនសេដ្ឋកិច្ចសកល និងតំបន់ នៅតែប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់នៅឡើយ បើទោះបីជាស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌសកលមានសភាពធូរស្បើយ ហើយត្រូវបានរំពឹងថា នឹងបន្តងើបឡើងវិញបណ្តើរៗ ទាំងទំនិញសេវា រំហូរវិនិយោគ និងការធ្វើដំណើរ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។​

នៅក្នុងសិក្ខាសាលាស្តីពី “រដ្ឋាភិបាលឌីជីថល និងឌីជីថលនីយកម្មការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌសកលបានធូរស្បើយ ហើយកំណើនសេដ្ឋកិច្ចសកលត្រូវបានរំពឹងថា នឹងបន្តងើបឡើងវិញ ដែលឆ្លុះបញ្ចាំងពីនិន្នាការកើនឡើងនៃតម្រូវការសកលទាំងទំនិញ សេវា រំហូរវិនិយោគ និងការធ្វើដំណើរ រួមទាំងសម្រាប់គោលបំណងដើរកម្សាន្ត និងធុរកិច្ច។

លោកបន្តថា យ៉ាងណាក្តី កំណើនសេដ្ឋកិច្ចសកល និងតំបន់នៅតែប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់នៅឡើយ ដែលបណ្ដាលមកពីបញ្ហាអត្រាអតិផរណាខ្ពស់ ការឡើងថ្លៃប្រាក់ដុល្លារអាមឹរិក និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់បណ្តាប្រទេសសេដ្ឋកិច្ចជឿនលឿន ដែលធ្វើឱ្យអត្រាការប្រាក់សកលបន្តកើនឡើង។ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបង្កផលប៉ះពាល់ដល់ថ្លៃទំនិញសកល រំហូរពាណិជ្ជកម្ម និងវិនិយោគសកល ក៏ដូចជាស្ថានភាពហិរញ្ញវត្ថុ និងការថមថយសេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា សម្រាប់កម្ពុជា បន្ទាប់ពីបានបើកប្រទេសវិញទាំងស្រុងកាលពីខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ សេដ្ឋកិច្ចត្រូវបានវាយតម្លៃថា នឹងបន្តឈានទៅរកវិថីកំណើនឡើងវិញ ដោយសារការសម្រេចបាននូវភាពស៊ាំសហគមន៍កម្រិតខ្ពស់ ក៏ដូចជាការសម្របខ្លួនទៅនឹងគន្លងប្រក្រតីភាពថ្មីរបស់ប្រជាជនទូទៅ និងអាជីវកម្ម។

លោកបន្ថែមថា “ចរន្តសេដ្ឋកិច្ចស្ទើរគ្រប់វិស័យត្រូវបានរំពឹងថា នឹងមានកំណើនឡើងវិញគួរឱ្យកត់សម្គាល់ ដោយសារនិន្នាការល្អប្រសើរ នៃតម្រូវការសកល និងការបន្តដាក់ចេញគោលនយោបាយសេដ្ឋកិច្ចសង្គម ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល”។​

កំណើនសេដ្ឋកិច្ចកម្ពុជានាឆ្នាំ២០២២នេះ ត្រូវបានរំពឹងថានឹងសម្រេចបានក្នុងរង្វង់៥,៤ភាគរយ និងជាង៦ភាគរយ ក្នុងឆ្នាំ២០២៣ ហើយអតិផរណាស្ថិតក្នុងរង្វង់៥ភាគរយ សម្រាប់ឆ្នាំ២០២២នេះ និងប្រមាណ៣ភាគរយ សម្រាប់ឆ្នាំ២០២៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here