សមាគមផលិតផលធ្វើដំណើរនិងស្បែកនៅកម្ពុជាប្តេជ្ញារួមចំណែកអភិវឌ្ឍវិស័យផលិតផលធ្វើដំណើរ និងកាបូប

ភ្នំពេញ៖ សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បានប្តេជ្ញាចិត្តសហការយ៉ាងពេញទំហឹង ជាមួយរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យផលិតផលធ្វើដំណើរ និងកាបូបឲ្យបន្តឈានមុខ។

នេះជាការថ្លែងរបស់លោក លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ក្នុងឱកាសលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អនុញ្ញាតឲ្យថ្នាក់ដឹកនាំ និងសមាជិកសមាជិកាសមាគម ចូលជួបសម្តែងការគួរសម នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។

សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា គឺជាសមាគមនិយោជក មិនរកប្រាក់ចំណេញ ត្រូវបានបង្កើត និងចុះបញ្ជីកាអង្គការវិជ្ជាជីវៈ នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ហើយបានបើកសម្ភោធជាផ្លូវការនាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ ក្រោមអធិបតីភាពលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

ក្នុងឱកាសនោះ លោក លឹម តុង បានថ្លែងថា សកម្មភាពឧស្សាហកម្មក្នុងប្រទេសកម្ពុជា ជាពិសេសឧស្សាហកម្មកាបូប និងផលិតផលធ្វើដំណើរ នៅតែបន្តមានភាពរីកចម្រើនទៅមុខ បើទោះបីជំងឺកូវីដ១៩ នៅបន្តកើតមាននៅក្នុងប្រទេសកម្ពុជា និងបន្តរាតត្បាតនៅលើពិភពលោកឥតស្រាកស្រាន្តយ៉ាងណាក្តី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សមាគមសម្តែងការដឹងគុណចំពោះរាជរដ្ឋាភិបាល ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការដាក់ចេញនូវគោលនយោបាយ និងវិធានការទ្រទ្រង់នានា ដើម្បីជួយរក្សាលំនឹងផលិតកម្ម អាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសការដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេសបានទាន់ពេលវេលា ដោយការចាក់វ៉ាក់សាំង គឺបានជួយការពារអាយុជីវិតប្រជាជន ឲ្យរួចផុតពីជំងឺកាចសាហាវនេះ ជាពិសេសកម្មករកម្មការិនី អាចបន្តការធ្វើការក្នុងរោងចក្រ និងបានជួយរោងចក្រដំណើរការផលិត និងនាំចេញទៅបរទេសតាមការកំណត់។

 

លោកបន្តថា “សមាគមយើងខ្ញុំបានចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយការធ្វើពាណិជ្ជកម្មសំខាន់ៗ ជាពិសេសការផ្សព្វផ្សាយ ច្បាប់វិនិយោគថ្មីដល់អ្នកវិនិយោគក្នុងនិងក្រៅប្រទេស ដើម្បីទាក់ទាញការបណ្តាក់ទុនថ្មីៗ បន្ថែមទៀតមកក្នុងប្រទេសកម្ពុជាយើងផងដែរ។ សមាគមយើងខ្ញុំ ប្ដេជ្ញាបន្តចូលរួមសហការពេញទំហឹងជាមួយនឹងរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ជាពិសេសអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យផលិតផលធ្វើដំណើរ និងកាបូបឲ្យបន្តឈានមុខ”។

លោកបណ្ឌិត គុណ ញឹម បានគាំទ្រចំពោះការបង្កើតសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា។ លោបណ្ឌិត ថែមទាំងបានកោតសរសើរពីឆន្ទៈរបស់សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ដែលបានប្ដេជ្ញាបន្តចូលរួមសហការពេញទំហឹងជាមួយនឹងរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ជាពិសេសអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យផលិតផលធ្វើដំណើរ និងកាបូបឲ្យបន្តឈានមុខផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here