ធនាគារជាតិព្រមានចាត់វិធានផ្លូវច្បាប់ ចំពោះកម្ចីខុសច្បាប់តាមទីសាធារណៈ

ភ្នំពេញ៖ ធនាគារជាតិបានព្រមាននឹងចាត់វិធានផ្លូវច្បាប់ ចំពោះ “កម្ចីខុសច្បាប់” តាមប្រព័ន្ធអនឡាញ បណ្ដាញសង្គម ខិតប័ណ្ណតាមទីសាធារណៈនានា។

 

ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថាន ឥណទានជនបទ គឺជាប្រភេទគ្រឹះស្ថានស្របច្បាប់ និងផ្លូវការ ដែលអាចផ្តល់ឥណទាន និង/ឬ សេវាពាក់ព័ន្ធ ផ្សេងទៀតដល់ក្រុមហ៊ុន សហគ្រាស និងឯកត្តជន។ គ្រឹះស្ថានទាំងនេះស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនរបស់គ្រឹះស្ថានទាំងនេះក៏ត្រូវបានការពារដោយច្បាប់ផងដែរ។

កន្លងមកធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថាមានជនខិលខូចមួយចំនួនបានផ្សព្វផ្សាយ យ៉ងបើកចំហ និងផ្តល់ឥណទានដល់ប្រជាពលរដ្ឋតាមរូបភាពផ្សេងៗជាច្រើន ដូចជា ប្រព័ន្ធអនឡាញ បណ្តាញសង្គម ការផ្សព្វផ្សាយតាមខិត្តប័ណ្ណ និងការបិតផ្សាយតាមទីកន្លែងសាធារណៈនានា ជាដើម។ ការផ្តល់ឥណទានដោយក្រុមហ៊ុន ឬបុគ្គលដែលគ្មានអាជ្ញាបណ្ណទាំងនេះ គឺជាសកម្មភាពល្មើសនឹងច្បាប់ ជាធរមាន ជាពិសេស ច្បាប់ស្ដីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

អាស្រ័យហេតុនេះ ដើម្បីចៀសវាងពីការបោកប្រាស់ក្រោមរូបភាពណាមួយ ឬផលវិបាកផ្សេងៗពី ការទទួលបានឥណទានកផ្លូវការ និងដើម្បីរក្សាស្ថិរភាព ក៏ដូចជាជំនឿទុកចិត្តរបស់សាធារណជនក្នុង ប្រព័ន្ធធនាគារ ធនាគារជាតិនៃកម្ពុជាសូមស្នើដល់សាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត និងសូមលើកទឹកចិត្តឱ្យប្រើប្រាស់តែសេវារបស់គ្រឹះស្ថានផ្លូវការតែប៉ុណ្ណោះ។

 

ធនាគារជាតិនៃកម្ពុជា សូមថ្កោលទោសចំពោះការផ្សព្វផ្សាយព័ត៌មាននិងការផ្តល់ឥណទានកផ្លូវការ ខុសច្បាប់គ្រប់រូបភាព។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជាកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន ឬបុគ្គលដែលធ្វើសកម្មភាពល្មើសនានាតាម នីតិវិធីច្បាប់ជាធរមាន៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here