ពលរដ្ឋអាស៊ីអាគ្នេយ៍ ចំណាយរហូតដល់ទៅ ៣,៦៦ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗទិញតែគជ់

ដោយៈ សុខុម

សិង្ហបុរី: តែគជ់ (Bubble Tea) គឺជាភេជ្ជៈដែលកំពុងទទួលបានពេញនិយមយ៉ាងខ្លាំង នៅតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា យើងផងដែរ ជាពិសេសក្នុងចំណោមយុវវ័យ និងអ្នកធ្វើការវ័យតែម្ដង។

ប៉ុន្តែតើអ្នកទាំងអស់គ្នាដឹងទេថា ក្នុងមួយឆ្នាំៗពួកគេចំណាយប្រាក់សរុបអស់ប៉ុន្មានលានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ?។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃពុធ ទី១៧ ខែសីហាបានឱ្យដឹងថា អ្នកដែលចូលចិត្តញ៉ាំតែគជ់នៅអាស៊ីអាគ្នេយ៍ ចំណាយប្រាក់រហូត ដល់ទៅ៣,៦៦ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗទៅលើភេសជ្ជៈនេះ និងភេសជ្ជៈ “តែថ្មីៗ” ស្រដៀងគ្នា ដោយប្រទេសសិង្ហបុរី មានអត្រាចំណាយខ្ពស់បំផុត បើទោះបីជាមានចំនួនប្រជាជនតិចបំផុត ក្នុងចំណោមទីផ្សារសំខាន់ៗទាំង៦នៅក្នុងតំបន់យ៉ាងណាក្ដី។

លទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានរកឃើញនៅក្នុងការសិក្សាស្រាវជ្រាវមួយ ដែលធ្វើឡើងដោយក្រុមហ៊ុន Momentum Works និងក្រុមហ៊ុនផ្ដល់ដំណោះស្រាយ ទូទាត់តាមប្រព័ន្ធឌីជីថល Qlub ដែលផ្តល់នូវការវិភាគ និងការយល់ដឹងអំពីសក្ដានុពលអាជីវកម្មនៅពីក្រោយតែគជ់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍សិក្សាស្រាវជ្រាវនេះក៏បានរកឃើញដែរថា តម្លៃជាមធ្យមនៃតែគជ់ក្នុងប្រទេសសិង្ហបុរី គឺកើនឡើងទ្វេដង បើធៀបនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់។

ក្រុមហ៊ុន Momentum Works បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃអង្គារ ទី១៦ ខែសីហា ថា បច្ចុប្បន្នមានម៉ាកយីហោ ឬBrand សកម្មជាង៦០នៃខ្សែសង្វាក់តែគជ់។

ទីផ្សារធំបំផុតក្នុងតំបន់ គឺប្រទេសឥណ្ឌូនេស៊ី ដែលវិស័យតែគជ់រកចំណូលប្រចាំឆ្នាំ បានប្រមាណ១,៦ពាន់លានដុល្លារអាមេរិក។ ចំណែកឯប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ២ ជាមួយនឹងចំណូល៧៤៩លានដុល្លារអាមេរិក តាមរយៈហាងតែគជ់ជាង៣១.០០០សាខា និងបណ្តាញលក់រាយផ្សេងៗទៀត។

ទន្ទឹមនេះប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយនឹងចំណូល៣៦២លានដុល្លារអាមេរិក ហើយប្រទេសសិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ៤ ជាមួយនឹងចំណូល៣៤២លានដុល្លារអាមេរិក។

ការសិក្សាស្រាវជ្រាវដដែលបានរកឃើញថា ម៉ាកយីហោចិនតៃវ៉ាន់ និងម៉ាកយីហោក្នុងស្រុកបាន “លប់លើគេជាយូរមកហើយ” នៅលើទីផ្សារតែគជ់ក្នុងតំបន់អាស៊ីអាគ្នេយ៍។

របាយការណ៍នេះបានបន្ថែមថា “លើសពីនេះ កាលពីពេលថ្មីៗនេះម៉ាកយីហោចិន ជាច្រើនបានឈានជើងចូលក្នុងទីផ្សារតំបន់។ តាមការប៉ាន់ប្រមាណ ទីផ្សារតែគជ់ក្នុងប្រទេសចិន រកប្រាក់ចំណូលប្រចាំឆ្នាំបានចំនួន២០ពាន់លានដុល្លារអាមេរិក”។

ម៉ាកយីហោចិន ដែលបានឈានជើងចូលទីផ្សារអាស៊ីអាគ្នេយ៍ រួមមាន Mixue, Chagee និង HEYTEA ដែលសុទ្ធតែមានហាងនៅសិង្ហបុរី៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here