កម្ពុជានាំចេញកៅស៊ូជាង ១៦ម៉ឺនតោន និងទទួលបានទឹកប្រាក់ ២៥៥លានដុល្លារក្នុងរយៈពេល ៧ខែ

ដោយៈ វិវឌ្ឈន៍

ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ ប្រមាណ​១៦,១​ ម៉ឺន​តោន ក្នុង​រយៈពេល ៧ ​ខែ​ ដើមឆ្នាំ ​២០២២ ថយចុះ០,៣​ ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១ ដោយ​រកចំណូលបាន​ជិត២៥៥​លាន​ដុល្លារ។នេះ​បើ​យោងតាម លោក ហ៊ឹម អូន អគ្គនាយក​នៃ​អគ្គនាយក​​ដ្ឋា​ន​កៅស៊ូ​។​

យោងតាមរបាយការណ៍​អគ្គនាយកដ្ឋាន​​កៅស៊ូ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទបាន​ឱ្យដឹងថា រយៈពេល៧​ខែ ដើមឆ្នាំ២០២២ ជ័រកៅស៊ូ​ដែល​កម្ពុជា ​បញ្ចេញ​លក់​ទៅ​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន១៦១, ៥៦២​ តោន ថយ​​ចុះ៥៥៨​តោន ស្មើនឹង០,៣​ភាគរយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១ ដោយ​ប្រមូលប្រាក់​បាន​ជិត២៥៤,៨៤ ​លាន​ដុល្លារ​។

តម្លៃ​ជ័រកៅស៊ូ​ជា​មធ្យម​ចាប់ពី​ខែមករា​- ​ខែកក្កដា ឆ្នាំ២០២២ គឺ១ ៥៧៧​ដុល្លារ ​ក្នុង១​តោន ថយចុះ៩៥​ដុល្លារ ឬ​ស្មើនឹង-៦​ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹង​ការនាំចេញ​ជ័រកៅស៊ូ កម្ពុជា​ក៏បាន​នាំចេញ​ឈើ​កៅស៊ូ ចំនួន ១៧ ៥២៩ ​ម៉ែត្រត្រីគុណ​ដោយ​ទទួលបាន​ប្រាក់ ២,៦១ ​លាន​ដុល្លារ​ផងដែរ ​នៅក្នុង​រយៈ​​ពេល​ខាងលើ​។ នេះ​បើ​យោងតាម​របាយការណ៍​។​

លោក ហ៊ឹម​ អូន មាន​សុទិដ្ឋិនិយម​ថា ស្ថាន​ភាព​នៃ​ការវិនិយោគ និង​ទីផ្សារ​ជ័រកៅស៊ូ​កម្ពុជា នឹងមាន​ភាព​​ល្អប្រសើរ​នៅពេល​អនាគត​។

លោក​ថ្លែងថា “យើង​ឃើញថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារ​មានការ​លើក​​ទឹក​ចិ​ត្ដ​ច្រើន ​ដល់​វិនិយោគិន​ពី​រាជរដ្ឋាភិបាល និង​ប្រទេស​មាន​សុខសន្តិភាព​ល្អ នឹងមាន​រោង​​ចក្រ​កែច្នៃ​ជ័រកៅស៊ូ ជា​ផលិត​​ផល​សម្រេច ​(​ផលិត​កង់​រថ​យន្ត​) ដើម្បី​រួមចំណែក​បង្កើន​ខ្សែចង្វាក់​តម្លៃ​ទីផ្សារ​កៅស៊ូ​ក្នុងស្រុក និង​បង្កើត​ការងារ​ដល់​ប្រជាជន​កាន់តែច្រើន”​៕

LEAVE A REPLY

Please enter your comment!
Please enter your name here