អគ្គនាយកដ្ឋានគយ និងរដ្ឋាកររកចំណូលបាន១៣០០លានដុល្លារ ក្នុងឆមាសទី១

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូលពន្ធលើការនាំចូលបានសរុប បានប្រមាណ១៣០០លានដុល្លារ ដែលកើនឡើង ១២% បើធៀបនឹងពេលដូចគ្នាចាំមុន ក្នុងរយៈពេល៦ខែឆ្នាំនេះ។

របាយការណ៍របស់ស្ថាប័ននេះបានឲ្យដឹងថា ក្នុងចំណោមពន្ឋទាំងនោះ ពន្ធលើការនាំចូលសម្ភារសំណង់ និងកម្រៃផ្សេងៗមានចំនួនប្រមាណ ៧៩,២លានដុល្លារ ឬស្មើនឹង៦,១% នៃចំណូលពន្ធសរុប។ នេះបើយោងតាមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារគយ និងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០២២ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣ សីហា ២០២២។

លោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករ លើលទ្ធផលល្អប្រសើរនេះ។

ទន្ទឹមនឹងនេះដែរលោកអូន ព័ន្ឋមុនីរ័ត្ន បានបន្តជំរុញបន្ថែមលើការងារបន្ទាប់ក្នុងឆមាសទី២ ដូចជា ទី១ ពង្រឹងប្រសិទ្ធភាពការងារបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធនិងបន្លំពន្ធ។ ទី២ ពង្រឹងការងារគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ទី៣ បង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួង- ស្ថាប័នពាក់ព័ន្ធលើកការងារប្រឆាំងការសម្អាតប្រាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី៤ បន្តពង្រឹងយន្តការកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ការជំរុញការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី៣, និង ការកែលម្អគុណភាពសេវាជាដើម។ ទី៥ អនុវត្តតាមក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ ពាក់ព័ន្ធនឹងការងារគយ។ ទី៦ បង្កើនកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ  ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ​ និងទី៧ បន្តជំរុញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រដល់កិច្ចប្រតិបត្តិការគយ និងរកដីរៀបចំកន្លែងត្រួតពិនិត្យទំនិញឲ្យបានសមរម្យ ពិសេសនៅមាត់ច្រកសំខាន់ៗ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here