សម្តេចតេជោ៖ ទំហំពាណិជ្ជកម្មកម្ពុជានិងវៀតណាមកើនដល់ជាង១០ពាន់លានដុល្លារ ដោយសារទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ដោយសារទំនាក់ទំនងល្អនៃប្រទេសវៀតណាម និងកម្ពុជា កម្ពុជាបានទទួលអ្នកវិនិយោគវៀតណាមដ៏ច្រើន រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត រហូតដល់ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឈានដល់ជាង១០ពាន់លានដុល្លារ។

 

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងនេះ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសអនុញ្ញាតឲ្យលោកជំទាវ ង្វៀន ធីថាញ់ សមាជិកាគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តវៀតណាម សមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម កម្ពុជា ចូលជួបសំដែងការគួរសម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនរបស់ប្រទេសវៀតណាម ហើយដែលការរីកចម្រើនរបស់វៀតណាម គឺពិតជាបានរួមចំណែកជួយដល់ការរីកចម្រើនរបស់កម្ពុជាផងដែរ។ ដោយសារទំនាក់ទំនងល្អនៃប្រទេសទាំងពីរ កម្ពុជាបានទទួលអ្នកវិនិយោគវៀតណាមដ៏ច្រើន រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត រួមទាំងវិស័យថាមពល។

 

សម្តេចបានបន្តថា វៀតណាមជាទីផ្សារដ៏សំខាន់ ក្នុងការទទួលកសិផលនាំចេញពីកម្ពុជា។ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឈានដល់ជាង១០ពាន់លានដុល្លារ ដែលជាទំហំមួយដ៏ធំ។

 

សម្តេចតេជោបានស្នើដល់សមាគមមិត្តភាពវៀតណាម កម្ពុជា បន្តយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋកម្ពុជាក្រីក្រ ដែលចូលទៅសម្រាកព្យាបាលជំងឺក្នុងប្រទេសវៀតណាម។

 

ជាមួយគ្នានេះ សម្តេចបានវាយតម្លៃខ្ពស់ ចំពោះការប្រែក្លាយតំបន់ព្រំដែនដែលធ្លាប់តែជាតំបន់អសន្តិសុខ ក្លាយទៅជាតំបន់ព្រំដែន សន្តិភាព មានកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរីកចម្រើន ទេសចរណ៍ អប់រំ វប្បធម៌  ពិសេសការធ្វើ ដំណើរចេញចូលរកគ្នារវាងប្រជាជន នៃប្រទេសទាំងពីរ។

 

លោកស្រី ង្វៀន ធីថាញ់ បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសការអភិវឌ្ឍដ៏ជឿនលឿនរបស់កម្ពុជា ក្នុងនោះអ្វីដែលជាកត្តាសំខាន់បំផុត គឺការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសកម្ពុជា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here