រដ្ឋាភិបាលអនុម័តគំរោងវិនិយោគចំនួនជាង១៥០០លានដុល្លារលើគំរោងចំនួន១២៧

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលជាសេនាធិការរបស់រដ្ឋាភិបាល បានអនុម័តម្រោងវិនិយោគរបស់សិង្ហបុរី នៅកម្ពុជាមានចំនួន១២៧គម្រោង ក្នុងទំហំទឹកប្រាក់១៥៣០លានដុល្លារអាមេរិក គិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន CDC នៅថ្ងៃទី២៦ ខែកក្កដាកន្លងមកបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ CDC និងសហព័ន្ធធុរកិច្ចសិង្ហបុរី (SBF) ការគាំទ្រពីស្ថានទូតសិង្ហបុរីប្រចាំនៅកម្ពុជា និងស្ថានទូតកម្ពុជាប្រចាំនៅសិង្ហបុរី បានរៀបចំសិក្ខាសាលាស្វែងយល់ពីកម្ពុជា “ការយល់ដឹងពីកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា”។

ក្នុងសេចក្តីប្រកាសព័ត៌មាន សិក្ខាសាលាស្វែងយល់ពីកម្ពុជា “ការយ​ល់ដឹងពីកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា”CDC បានលើកឡើងថា សិក្ខាសាលានេះ រៀបចំឡើងក្រោមការចូលរួមពីលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ CDC បានថ្លែងអំណរគុណដល់វិនិយោគិន និងធុរជនសិង្ហបុរីដែលបានជ្រើសយកកម្ពុជា ក្នុងការបណ្តាក់ទុននាពេលកន្លងមក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងថា “បរិស្ថានវិនិយោគនៅកម្ពុជា មានភាពអំណោយផលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់រង់ចាំទទួលការវិនិយោគរបស់សិង្ហបុរី ដើម្បីច្បាមយកនូវកាលានុវត្តភាពដ៏លើសលុប ក្នុងវិស័យកសិចំណីអាហារ សេវាកម្ម និងកម្មន្តសាល”។ លោកបន្តថា “ការវិនិយោគសិង្ហបុរីនៅកម្ពុជា ពិតជាមានសារៈសំខាន់ សូមអំពាវនាវឱ្យមានការវិនិយោគកាន់តែច្រើនថែមទៀត ពីវិនិយោគិនសក្តានុពលសិង្ហបុរី ដែលនឹងរួមចំណែកដល់ការស្តារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាបានយ៉ាងឆាប់រហ័ស”។

លោករដ្ឋមន្រ្តីបានបញ្ជាក់ពីសារៈសំខាន់ នៃច្បាប់ស្តីពីវិនិយោគនៃកម្ពុជា ដែលបានអនុម័តកាលពីខែតុលា ឆ្នាំ២០២១ កន្លងទៅ ដែលផ្តល់ការលើកទឹកចិត្ត ដល់វិនិយោគិនដែលអនុវត្តអភិក្រមប្រតិបត្តិធុរកិ ច្ចប្រកបដោ​យការទទួលខុសត្រូវ និងបរិយាប័ន្នក្នុងការវិនិយោគ និងធុរកិច្ចប្រចាំថ្ងៃរបស់ខ្លួន។

ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសិង្ហបុរី លោកសុខ ខឿនបានលើកឡើងពីយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ ដែលបានដាក់ចេញនៅដើមឆ្នាំ២០២១ មានគោលបំណងជំរុញពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងលើកកម្ពស់កម្ពុជាក្នុងឆាកតំបន់ និងអន្តរជាតិ។
លោកបានបញ្ជាក់ថា “មន្ត្រីការទូតកម្ពុជាបាននិងបំពេញការងារ និងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជំរុញ និងអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចនេះ ធ្វើយ៉ាងណាទាក់ទាញការវិនិយោគ និងភ្ញៀវទេសចរមកកម្ពុជាឱ្យកាន់តែច្រើនថែមទៀត”។

សហព័ន្ធធុរកិច្ចសិង្ហបុរី ជាសភាធុរកិច្ចកំពូល និងជាស្ថាប័នឈានមុខគេក្នុងការ គាំទ្រផលប្រយោជន៍ សហគមន៍ធុរកិច្ចនៅសិង្ហបុរី លើផ្នែកពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងឧស្សាហកម្ម។ ក្នុងកម្រិតជាតិ SBF ធ្វើសកម្មភាព ជាស្ពានតភ្ជាប់រវាងរដ្ឋាភិបាល និងធុរកិច្ចនៅសិង្ហបុរី ដើម្បីបង្កើតបរិស្ថានធុរកិច្ច ប្រកបដោយភាពអំណោយផល។

ក្នុងកម្រិតអន្តរជាតិ SBF តំណាងសហគមន៍ធុរកិច្ចក្នុងវេទិកាទ្វេភាគីតំបន់ និងពហុភាគី ក្នុងគោលបំណងពង្រីកបណ្តាញពាណិជ្ជកម្ម និងធុរកិច្ច​៕

LEAVE A REPLY

Please enter your comment!
Please enter your name here